មណ្ឌលគិរី ៖ បុរសជនជាតិព្នងម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយពីមានការលួចបាញ់ប្រហារ ពីជនមិនស្គាល់មុខ នៅវេលាម៉ោង៩ និង២៦នាទី យប់ថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី ។
ប្រភពពីលោក កាន់ ពេញ អធិការនគរបាលស្រុកកោះញែកបានឲ្យដឹងថា ជនរង គ្រោះមានឈ្មោះ ផ្លាល ព្យុ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិព្នង រស់នៅភូមិឃុំកើតហេតុខងលើ ។
លោកអធិការបានបន្តថា ជនល្មើសបានប្រើកាំភ្លើងបាញ់តែមួយគ្រាប់គត់ចំក្បាល ធ្លាយមកថ្ងាសមកលើជនរងគ្រោះ ដែលកំពុងតែដេកនៅលើអង្រឹងក្រោមផ្ទះ បណ្តាលអោយស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុតែម្តង ។ មុនពេលកម្លាំងប៉ូលិសទៅដល់ ជនល្មើសបានរត់គេចខ្លួនបាត់ទៅហើយ ។ ចំពោះកាំភ្លើងដែលជនបង្ករប្រើនោះ នៅមិនទាន់កំណត់បានថាជាប្រភេទអ្វីនោះទេ ព្រោះរកសំបកគ្រាប់មិនទាន់ឃើញ ។
ករណីនេះដែរ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនល្មើសដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ចំណែកឯសាកសពត្រូវបាន ប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណីទំនៀមទំលាប់ ។
ដោយ ៖ ហេង ចាន់ណុប



