កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងលេខ ២៤៦៥ សជណ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ ដោយសម្រេចផ្ទេរភារកិច្ចរបស់លោកអនុសេនីយ៍ឯក ម៉ៅ បូរាណ អត្តលេខ១៤៧២២ ពីនាយផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសណ្តាន់ ឲ្យទៅបំរើការងារជាមន្ត្រីនៅស្នងការដ្ឋានគរបាលខេត្តកំពង់ធំវិញ ដោយការសម្រេចនេះយោងទៅតាមពាក្យបណ្តឹងរបស់អ្នកស្រី ជា ស្រីពៅ ប៉ុន្តែមកទល់នឹងថ្ងៃនេះ ប្រជាពលរដ្ឋ និងមន្ត្រីនគរបាលស្រុកសណ្តាន់ទាំងអស់ កំពុងមានការងឿងឆ្ងល់ជាខ្លាំង ដោយសារលោក ម៉ៅ បូរាណ នៅតែបំពេញតួនាទីក្នុងអធិការដ្ឋានស្រុកសណ្តាន់ដដែល ព្រមទាំងបានប្រើពាក្យគំរាមកំហែងទៅលើដើមបណ្តឹងទៀតផង ដោយពួកគាត់សួរថា ចំណាររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនបានការទេឬ បានជាលោកឧត្តមសេនីយ៍ ជួន សំអាន ស្នងការនគរបាលខេត្តកំពង់ធំ មិនអនុវត្តតាមដូច្នេះ?
យោងតាមសម្តីរបស់ប្រជាពលរដ្ឋម្នាក់នៅឃុំមានរិទ្ធិ ស្រុកសណ្តាន់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងផ្ទេរភារកិច្ចលោក ម៉ៅ បូរាណ ហើយតែ លោក ម៉ៅ បូរាណ នៅតែមានអាវុធវែង អាវុធខ្លីសំញែង ទៅលើក្រុមគ្រួសារ ដើមបណ្តឹងរាល់ថ្ងៃ ជាហេតុបណ្តាលឲ្យដើមបណ្តឹងមានការបារម្ភពីសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួនជាខ្លាំង។
ទាក់ទងនឹងរឿងនេះដែរ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអធិការដ្ឋានស្រុកសណ្តាន់បានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ។
ចំពោះលោក ឧត្តមសេនីយ៍ ជួន សំអាន ស្នងការនគរបាលខេត្តកំពង់ធំបានផ្តល់បទសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មានយើងថា លោកមិនមែនមិនអនុវត្តដូចការចោទប្រកាន់នោះទេ ព្រោះលោកបានបិទប្រកាសតាមអង្គភាពថ្នាក់ក្រោមរបស់លោករួចហើយ ហើយករណីដែលឃើញលោក ម៉ៅ បូរាណ នៅក្នុងស្រុកសណ្តាន់នោះ ព្រោះផ្ទះរបស់គាត់នៅទីនោះ ជួនកាលលោកត្រូវទៅលេងផ្ទះ ឃើញដូចនេះ ក៏ចេះតែរករឿងចោទប្រកាន់។ លោកក៏បានបញ្ជាក់ផងដែរថា រាល់ទង្វើណាដែលលោក ម៉ៅ បូរាណ ធ្វើប្រាសចាកពីភារកិច្ចនោះ គឺលោកមិនទទួលខុសត្រូវឡើយ។
ក្នុងករណីនេះសារព័ត៌មានយើងបានទំនាក់ទំនងទៅឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ តែដោយឯកឧត្តមជាប់រវល់ប្រជុំ ទើបមិនទាន់បានផ្តល់បទសម្ភាសន៍។
ប្រជាពលរដ្ឋក្នុងស្រុកសណ្តាន់ទាំងអស់មានការងឿងឆ្ងល់ថា តើក្រសួងមហាផ្ទៃ ចេញលិខិតនេះមកគ្មានន័យទេឬ បានជាលោក ជួន សំអាន មិនអនុវត្តយ៉ាងដូច្នេះ ហើយតើសម្តេចក្រឡាហោម ស ខេង នៅក្រោមបញ្ជារបស់លោក ជួន សំអាន ឬលោក ជួន សំអាន នៅក្រោមបញ្ជារបស់សម្តេចក្រឡាហោម ស ខេង បានជាលោក ជួន សំអាន មិនព្រមអនុវត្តតាមសេចក្តីជូនដំណឹងរបស់សម្តេចយ៉ាងដូច្នេះ?
ចំពោះមន្ត្រីអធិការកិច្ចក្រសួងមហាផ្ទៃម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា៖ “រឿងនេះក្រុមយើងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ហើយលោកនឹងសួរទៅលោកឧត្តមសេនីយ៍ ជួន សំអាន ថាតើបានអនុវត្តដល់កម្រិតណាហើយ”។
រីឯមន្ត្រីមួយចំនួនជុំវិញខេត្តកំពង់ធំ បានឲ្យដឹងថា បើសិនលោក ជួន សំអាន ស្នងការនគរបាលខេត្តកំពង់ធំ មើលឃើញតែលុយ ហើយមិនអនុវត្តតាមច្បាប់ និងបទបញ្ជានោះទេ អញ្ចឹងក្រសួងក៏មិនបាច់ចេញលិខិតមកទៀតដែរ បើគេមិនគោរពនោះ ហើយក៏សំណូមពរទៅសម្តេចក្រឡាហោម ស ខេង មេត្តាពិនិត្យមើលទង្វើអវិជ្ជមានរបស់លោកឧត្តមសេនីយ៍ ជួន សំអាន ផង ព្រោះរឿងនេះមានការទាក់ទិននឹងអំពើពុករលួយហើយ ទើបមិនមានការអនុវត្តយ៉ាងដូច្នេះ និងសំណូមពរទៅសម្តេចក្រឡាហោម មេត្តាបញ្ជូនមន្ត្រីអធិការកិច្ចមកធ្វើអធិការកិច្ចផង ព្រោះលោក ម៉ៅ បូរាណ នៅមានស្ពាយអាវុធវែង-ខ្លីដើរក្នុងស្រុកសណ្តាន់នៅឡើយ ខណៈដែលលោកស្នងការអះអាងថាលោក ម៉ៅ បូរាណ គ្រាន់តែទៅលេងផ្ទះរបស់គាត់ ដែលរូបភាពទាំងនេះអាចនឹងបង្កឲ្យមានផលប៉ះពាល់ផ្នែកសុវត្តិភាពរបស់ដើមបណ្តឹង ប្រសិនបើលោកអធិការស្រុក ក៏មិនគោរពបទបញ្ជាយ៉ាងដូច្នេះ។
សូមលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់រង់ចាំតាមដានព័ត៌មាននេះ ជាបន្តទៀត ៕




