សហរដ្ឋអាមេរិក ៖ នៅរសៀលថ្ងៃទី១៤ កុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជួបសំណេះសំណាល យ៉ាងស្និតស្នាលរ៉ាក់ទាក់ជាមួយបងប្អូនជនរួមជាតិខ្មែររស់នៅទីក្រុងRancho Mirage រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ប្រមាណ៥០០នាក់ មកពីតាមបណ្តារដ្ឋនានារបស់សហរដ្ឋអាមេរិក ។
នៅក្នុងពិធីសំណេះសំណាលដែលធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Indian Wells ដែលជាទីកន្លែងស្នាក់អាស្រ័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិកមាន ប្រសាសន៍ថា មកដល់បច្ចុប្បន្ននេះ បងប្អូនជនរួមជាតិកម្ពុជា ដែលមករស់នៅតាមបណ្តារដ្ឋនានានៅសហរដ្ឋអាមេរិកមានចំនួនជាងកន្លះ លាននាក់រួមមកហើយពោលគឺបងប្អូនជនរួមជាតិទាំងនោះបានរត់ភៀសខ្លួនពី សង្គ្រាម ក្នុងឆ្នាំ១៩៧០និងក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ។
លោកឯកអគ្គរដ្ឋទួតមានប្រសាសន៍បន្តថា បើទោះបីជាបងប្អូនប្រជាពលរដ្ឋទាំងអស់នេះបានឃ្លាតចាកឆ្ងាយពីស្រុក កំណើតរបស់ខ្លួនក៏ពិតមែន ប៉ុន្តែបងប្អូនទាំងអស់តែងតែនឹករលឹក និងផ្ញើនូវការរួមវិភាគទានជាថវិកា ទោះតិចក្តី ច្រើនក្តីជួយដល់ការកសាងនូវសមិទ្ធផលសង្គមក្នុងប្រទេសកម្ពុជា មានការរីកចំរើនយ៉ាងឆាប់រហ័សផងដែរ ។
មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនជនរួមជាតិខ្មែររស់នៅ សហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាសំខាន់នៅទីនេះគឺធ្វើយ៉ាងណាបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ ចេះគោរពស្រឡាញ់រាប់អានគ្នាដូចជាបងប្អូនបង្កើតធ្វើយ៉ាងណាកុំឲ្យ បរទេសគេជេរដៀងត្មេះតទៅទៀត ដោយសាតែការបង្កជម្លោះបែកបាក់គ្នាដ៏យូរលង់ណាស់មកហើយនោះ។
នៅចំពោះមុខបងប្អូនជនរួមជាតិទាំងអស់ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា កម្ពុជាធ្លាប់តែជាប្រទេសមហាអំណាច ឥឡូវបានក្លាយទៅជាប្រទេសមួយដែលមានផ្ទៃដីស្ទើរតែប៉ុណ្ណបាតដៃដោយសារ តែការបែកបាក់គ្នារវាងខ្មែរគ្នាឯង ដូចនេះចាប់ពីពេលនេះតទៅ ខ្មែរត្រូវតែរួមសាមគ្គីជាកម្លាំងគ្នា ដើម្បីខ្មែរគង់វង់រីកចំរើន ពោលគឺមិនត្រូវបង្កជម្លោះជាមួយគ្នា បើទោះបីជានរណាមួយកាន់បក្សណាក៏ដោយ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់បន្ថែមថា ប្រវត្តិសាស្ត្ររបស់កម្ពុជាជាមួយនិងសហរដ្ឋអាមេរិក គឺមិនទាន់មានទំហំពាណិជ្ជកម្មរបស់ប្រទេសរហូតដល់រាប់ពាន់លាន ដុល្លានោះទេ ពោលគឺទើបតែពេលនេះដែលទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរមានទំហំ រហូតដល់ជាង៣ពាន់លានដុល្លាសហរដ្ឋ ដែលផ្ទុយពីមុន មានមិនដល់រយលាននោះទេ កាលពីអតីតកាល។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់បន្ថែមថា កម្ពុជាចង់បានទំហំ ពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឲ្យកាន់តែធំជាងនេះទៅទៀត ពោលគឺមិនចង់ឲ្យមានទំហំពាណិជ្ជកម្មធំក្នុងការនាំមុខទំនិញ ពីអាមេរិកទៅកាន់កម្ពុជានោះទេ ប៉ុន្តែគឺចង់បានទំហំពាណិជ្ជកម្មពីកម្ពុជានាំទៅកាន់ទីផ្សារ សហរដ្ឋអាមេរិកកាន់ តែមានទំហំធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ។
សម្តេចតេជោមានប្រសាសន៍បញ្ជាក់បន្ថែមថា ក្រៅពីទំនាក់ទំនងជាមួយ និងកម្ពុជាអាមេរិកនៅមានទំនាក់ទំនងជាមួយនិងបណ្តាប្រទេសអាស៊ាន ដទៃទៀតដែលនោះគឺជាការរួមចំណែកដល់បង្កើនទំនាក់ទំនងរបស់បណ្តា ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីកទាំងមូលផងដែរ ។ ជាមួយនិងការថ្លែងនោះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ ពីកត្តាគន្លឹៈសំខាន់ៗ៤ដែលកម្ពុជាចូលសមាជិករបស់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ហៅថាអាស៊ាន។
សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាមិនចូលរួមក្នុងវេទិកាអាស៊ាននោះទេ ហើយនៅតែឯងនិងប្រសិនបើមានផលប៉ះពាល់ណាមួយអាស៊ាន៩ប្រទេសគេនឹង អោបដៃឈរមើលយើងផ្ទុយទៅវិញការដែលយើងចូលអាស៊ានគឺយើងនឹងទទួលបាន នូវអត្ថន័យនិងអត្ថប្រយោជន៍ធំខ្លាំងណាស់នៅក្នុងកិច្ចការពារ ឯករាជ្យអធិបតេយ្យរបស់កម្ពុជា ៕



