មណ្ឌលគិរី ៖ ប្រទះឃើញយុវជនម្នាក់ដេកស្លាប់ក្រោយបាត់ខ្លួនរយៈពេល៦ថ្ងៃ រហូតហើមស្អុយក្នុងព្រៃមួយកន្លែង ទល់មុខសាលាក្រុងសែនមនោរម្យ កាលពីព្រឹកថ្ងៃទី១០ កុម្ភៈ ២០១៦ ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ។
ប្រភពពីក្រុមគ្រួសាររបស់សពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះណេត វ៉ាន់ញឹម ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ។ក្រុមគ្រួសារបានឲ្យដឹងបន្តថា មុនពេលប្រទះឃើញសព គឺជនរងគ្រោះបានផឹកស៊ីជាមួយឪពុកចុងរបស់ខ្លួននៅផ្ទះក្បែកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី៤ កុម្ភៈ ខណៈកំពុងផឹកស៊ីនោះ ឪពុកកូនទាំងពីរនាក់កើតមានជម្លោះពាក្យសម្តីនឹងគ្នា ។ ក្រោយកើតមានជម្លោះពាក្យសម្តីជាមួយឪពុកចុងរួចមក ជនរងគ្រោះបានរត់ចេញពីផ្ទះ ដោយក្រុមគ្រួសារគិតថា ប្រហែលជាទៅដេកផ្ទះបងប្អូន ហើយក៏មិនបានដើររកអស់រយៈពេល៦ថ្ងៃហើយដែរ ។
ស្រាប់តែនៅព្រឹកទី១០ កុម្ភៈ មានអ្នកជិតខាងរត់មកប្រាប់ថា ឃើញសពកូនរបស់គាត់ដេកស្លាប់នៅក្នុងព្រៃ។
យោងតាមប្រភពរបស់សមត្ថកិច្ចដែលចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ បានឲ្យដឹងថា សពពិតជាស្លាប់ដោយធ្វើអត្តឃាតចង.ក ព្រោះនៅកន្លែងកើតហេតុគេ ឃើញមានខ្សែអង្រឹងប្រវែងប្រហែលមួយម៉ែត្រនៅជាប់.ក របស់សព នឹងពុំមានស្នាកស្នាមវាយដំអីដែរ ។ ក្រោយពិនិត្យរួចសពត្រូវបានប្រគល់ជូនគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ គឹម ចំរើន ហេង ចាន់ណុប



