មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរីគឺជាខេត្តដ៏តូចមួយនៃប្រទេសកម្ពុជាយើង ដែលមានចំងាយ៣៨៨គីឡូម៉ែត្រ ពីភ្នំពេញតាមបណ្តោយផ្លូវលេខ៧៦A ក្នុងភូមិភាគឦសាននៃប្រទេស និង ជាខេត្តដែលបានបំបែកចេញពីខេត្ត ក្រចេះនៅក្នុងឆ្នាំ១៩៦០ ។ នៅតំបន់នេះសំបូរទៅដោយសប្បត្តិទេសចរណ៏ធម្មជាតិដែលគួរឲ្យចាប់អារម្មណ៍បំផុត ប៉ុន្តែចាប់តាំងពីខេត្តនេះបានកើតឡើងរហូតមកដល់ឆ្នាំ២០១២ ដែលមិនទាន់មានផ្លូវល្អ សំរាប់ធ្វើដំណើរ គឺមិនសូវមានភ្ញៀវទេសចរណ៏មកលេងកំសាន្តទីនេះច្រើនទេ។ យ៉ាងណាមិញចាប់តាំង ពីឆ្នាំ២០១២រហូតមកពេលនេះ គឺមានភ្ញៀវទេសចរណ៏ជាតិ និង អន្តរជាតិកើនឡើងជាលំដាប់ រហូតធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តនេះមួយចំនួនសំរេចចិត្តប្រកបមុខរបរដែលពឹងផ្អែកទៅលើ វិស័យទេសចរណ៏ ដូចជាការលក់វត្ថុអនុស្សាវរីយ៏ ភោជនីយដ្ឋាន សេវាការដឹកជញ្ជូនភ្ញៀវទេសចរណ៏ ទៅកាន់រមណីយដ្ឋាននានា សណ្ឋាគារ ជាដើម សុទ្ធសឹងជាមុខរបរដែលពឹងផ្អែកទៅលើវិស័យ ទេសចរណ៏ ។
ថ្មីៗនេះបន្ទាប់ពីពិធីចូលឆ្នាំប្រពៃណីចិនបានកន្លងផុតទៅ អ្នកយកព័ត៌មានយើងបានចុះធ្វើការស្រាវជ្រាវ និង ស្ទង់មតិស្តីអំពីភ្ញៀវទេសចរណ៏មកលេងមណ្ឌលគិរី។
យុវជនម្នាក់ប្រកបមុខរបរថតរូបនៅរមណីយដ្ឋានទឹកជ្រោះ ប៊ូស្រា បានប្រាប់អ្នកយកព័ត៌មានថា ក្នុងឱកាសបុណ្យចុលឆ្នាំប្រពៃណីចិនឆ្នាំនេះឃើញថា មានភ្ញៀវទេសចរណ៏មកលេងកំសាន្តច្រើនកុះករ គឺច្រើនជាងរាល់ឆ្នាំកន្លងទៅ ។ ហើយគាត់ក៏សប្បាយចិត្តរកប្រាក់ចំណូលផងដែរ ។
ចំណែកឯអ្នកមីងម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលជាម្ចាស់ផ្ទះសំណាក់មួយក្នុងទីរួមខេត្តនេះបាននិយាយថា ភ្ញៀវដែល បានមកស្នាក់នៅផ្ទះសំណាក់របស់គាត់ភាគច្រើនបានប្រាប់គាត់ថា ថ្វីត្បិតតែខេត្តនេះតូច តែគួរឲ្យចាប់អារម្មណ៏និង បានត្អូញត្អែថា ពួកគាត់សំរេចចិត្តមកលេងខេត្តនេះដោយសារបានឃើញតាមរយៈទូទស្សន៏ ក៏ដូចជាកាសែត និងតាមរយៈហ្វេសប៊ុក ដែលអ្នករស់នៅក្នុងខេត្តនេះបានបង្ហោះរូបភាពស្អាតៗដែល គួរឲ្យចាប់អារម្មណ៏ដូចជាទឹកជ្រោះ ប៊ូស្រា ទឹកជ្រោះអូតាំកន ទឹកជ្រោះមនោរម្យ ទឹកជ្រោះរមនា១ រមនា២ ទឹកជ្រោះលេងឃិនលេងអង ទឹកជ្រោះក្បាលព្រះ ទេសភាពចំការស្រល់ ជាដើមទាំងនោះ សុទ្ធសឹងតែជាកន្លែងស្អាតគួរអោយចាប់អារម្មណ៏ ប៉ុន្តែនៅពេលពួកគាត់មកដល់ដោយផ្ទាល់គឺទៅ លេងបានតែបីទៅបួនកន្លែងប៉ុណ្ណោះ ។ ពោលគឺមិនគ្រប់កន្លែងដែលប៉ងប្រាថ្នាចង់ទៅ ព្រោះមិនស្គាល់ ផ្លូវដែលឆ្ពោះទៅកាន់កន្លែងកំសាន្តនីមួយៗ ដោយមិនឃើញមានស្លាកសញ្ញារឺគំនូសបំព្រួញបញ្ជាក់ ប្រាប់ទិសនៃកន្លែងកំសាន្តទាំងនោះ ចំណែកឯកន្លែងដែលបានទៅលេងក៏នៅមានភាពមិនសមរម្យខ្លះដែរ គឺនៅរមណីយដ្ឋាន សមុទ្រឈើ ហាក់ដូចជាមិនមានការអភិវឌ្ឍន៏អ្វីបន្តិចទាល់តែសោះដោយ មិនឃើញមានធុងសំរាម រឺ បង់សំរាប់អង្គុយលេងជាសាធារណៈនោះទេ ។
ដោយឡែកមតិមួយចំនួនទៀតក៏បានបញ្ចេញមកស្រដៀងគ្នាដូចដែលបានរៀបរាប់ខាងលើដែរ ៕
ដោយ ៖ ហេង ចាន់ណុប




