ខេត្តប៉ៃលិន ៖ ក្រោយពីសារព័ត៌មាន ចុះផ្សាយកាលពី១សប្តាហ៍កន្លងទៅពាក់ព័ន្ធនឹងក្រុមឈ្មួញឈូសឆាយព្រៃ និងជីកកកាយដីភ្នំយ កធ្វើជាកម្មសិទ្ធិរបស់ខ្លួនខណៈអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមិនអើពើ ទើបនៅព្រឹកថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០១៦ កន្លងទៅនេះ សមត្ថកិច្ចចំរុះរួមជាមួយអាជ្ញាធរដែនដីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន ភូមិបាលស្រុកសាលាក្រៅ ដែលដឹកនាំដោយលោក ជុំ សែនសទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះពិនិត្យទីតាំងដែលមានបទល្មើសខាងលើ ដែលមានផ្ទៃដីទំហំជាងកន្លះហិកតា នៅចំនុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
សូមបញ្ជាក់ថា នៅក្នុងខេត្តប៉ៃលិន ព្រៃភ្នំប្រហែល៤០ទៅ៥០%ត្រូវបានក្រុមឈ្មួញជីកកកាយដឹកលក់យ៉ាងគគ្រឹកគគ្រេង ស្ទើរតែអស់រលីងទៅហើយ លុះក្រោយពីមានការចុះផ្សាយពីភ្នាក់ងារសារព័ត៌មាន ធ្វើឱ្យអាជ្ញាធរ និងក្រុមឈ្មួញទាំងនោះមានការខឹងសម្បារយ៉ាងខ្លាំង ហើយក្រោយមកក៏ធ្វើការចុះបង្ក្រាបតែម្តង ។ ចំណែកឯព្រៃនៅលើភ្នំទាំងអស់ ក្នុងខេត្តវិញត្រូវគេកាប់រានយកដីដាំដំណាំអស់រលីងទៅហើយ នៅសល់តែខ្សែបន្ទាត់ភ្នំខៀ វប៉ុណ្ណោះ ។
ប្រភពព័ត៌មានពីលោក ជុំ សែនសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបបានឱ្យដឹងថាទីតាំងដែលឈ្មួញឈូសឆាយដីភ្នំ និងកាប់រានព្រៃ មានទំហំប្រហែលជាងកន្លះហិកតានេះ បង្កឡើងដោយបុរសម្នាក់ ឈ្មោះ មិន សូវុធ អាយុ៤៦ឆ្នាំ ជាមន្ត្រីប៉ូលីសអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិភូមិដូង(ឡែម) ឃុំកំរៀងស្រុកកំរៀងខេត្តបាត់ដំបង ដែលមានអាស័យដ្ឋានផ្ទះលេខ៣៤E0 ផ្លូវលេខ៣៧៤ភូមិ៧ សង្កាត់ទួលស្វាយព្រៃបួន ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ដែលបច្ចុប្បន្នរស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
លោកបានបន្តទៀតថា ពេលកំលាំងចំរុះចុះទៅដល់ទីតាំងខាងលើ ជនល្មើសរូបនោះមិនបាននៅកន្លែងកើតហេតុនោះទេដោយដាក់មេប្រូចរត់គេចខ្លួនបាត់ស្រមោល បានជួបតែភរិយាដែលមានឈ្មោះ ហាក់ ខេមរា ហើយកំលាំងចំរុះបានសាកសួរពីមូលហេតុការរុករានកាប់ឈូសឆាយ ទន្ទ្រានដីព្រៃភ្នំតំបន់អភិរក្សបរិស្ថានវប្បធម៌់ធម្មជាតិទើបពេលនោះស្ត្រីជាប្រពន្ធបានឆ្លើយឡើងថា ដោយដីភ្នំនេះនៅពីក្រោយផ្ទះរបស់ខ្លួន ទើបហ៊ានឈូសឆាយដើម្បីដាំដើមឈើឡើងវិញ ប៉ុន្តែតាមពិតទៅដីនេះជាដីតំបន់អភិរក្សរបស់រដ្ឋ ដូច្នេះសមត្ថកិច្ចបានធ្វើការហាមឃាត់បញ្ឈប់ការឈូសឆាយរានទន្ទ្រានកាន់កាប់ដោយខុសច្បាប់បន្តទៀត។
ទន្ទឹមនឹងនោះដែរ គណៈកម្មការចំរុះក៏បានធ្វើកំណត់ហេតុនឹងកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពឈូសឆាយទន្ទ្រានយកដីព្រៃភ្នំនេះបន្តទៀត ព្រោះវាជាសកម្មភាពល្មើសច្បាប់ ។
ចំនែកលោក មិន សូវុធ ដែលជាជនប្រពឹត្តិបទល្មើសនេះលោកព្រះរាជអជ្ញាបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់។
ប្រជាពលរដ្ឋជាច្រើននាក់សប្បាយចិត្តនៅពេលឃើញអាជ្ញាធរចុះបង្ក្រាបបទល្មើស បែបនេះ ព្រោះអីភ្នំជាកេរតំណែលដូនតា ដែលពួកគាត់ចង់ឱ្យកូនចៅជំនាន់ក្រោយ ឃើញមានជារៀងរហូតផងដែរ ៕





