មណ្ឌលគិរី ៖ សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកែវសីមាឃាត់ខ្លួន និង សាកសួរបុរសម្នាក់ ក្រោយពីរូបគាត់ស្រវឹងស្រាក្នុងថ្ងៃបុណ្យចូលឆ្នាំចិនទី២ រួចរមាស់ដៃទៅយកកាំភ្លើង ដែលនៅសល់តាំងពីជំនាន់សង្គ្រាម មកបាញ់លេងអស់ជាច្រើនគ្រាប់ នៅចំនុចអូរប៉ាម ភូមិស្រែអំពិល ឃុំស្រែខ្ទុម ស្រុកកែវសីមា ហើយត្រូវបានឃាត់ខ្លួននាវេលាម៉ោង១១នឹង៣០នាទីព្រឹក ថ្ងៃទី៨ កុម្ភៈ ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលបានយកកាំភ្លើងទៅបាញ់លេងបង្កការភ្ញាក់ផ្អើលនេះមានឈ្មោះ សេង វណ្ណា អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិកកោះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិឃុំកន្លែងកើតហេតុ។សមត្ថកិច្ចបានបន្តថា កាំភ្លើងដែលដកហូតបានពីជនបង្ករម៉ាក អាការស្វាយបត់០១ដើម បង់ចំនួន០១ នឹង គ្រាប់ចំនួន៩គ្រាប់។
បើតាមចំលើយសារភាពពីជនបង្កបាននិយាយថា កាំភ្លើងនោះខ្លួនបានទទួលពីឈ្មោះ ថាន់ រស់នៅភូមិស្រែអំពិល ហើយកាំភ្លើងនោះគឺគេបានលាក់ទុកជាយូរណាស់មកហើយ ហើយនៅថ្ងៃកើតហេតុដោយសារតែ ខ្លួនស្រវឹងស្រាទើបទៅយកមកបាញ់លេង នឹងត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ទាក់ទិនករណីនេះ
សមត្ថកិច្ចកំពុងកសាងសំនុំរឿងបញ្ជូនជនបាញ់បោះសេរីទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ចំណែកម្ចាស់កាំភ្លើងដែលមានឈ្មោះ ថាន់ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីចាត់ការតាមច្បាប់ផងដែរ ៕
ហេង ចាន់ណុប





