មណ្ឌលគិរី ៖ សារសំណូមពរ ផ្លូវលំមួយខ្សែ ដែលជាសរសៃឈាមសេដ្ឋកិច្ច តភ្ជាប់ពីទីរួមស្រុកកែវសីមា ឆ្ពោះទៅកាន់ច្រកទ្វាព្រុំដែនទ្វេរភាគីឡាបាខេ ស្ថិតនៅក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា កំពុងឈូសឆាយដើម្បីពង្រីកចេញជាផ្លូវកៅស៊ូ ដែលមានប្រវែងជាង៧គីឡូម៉ែត្រ ។
ទន្ទឹមនឹងការអភិវឌ្ឍន៏នេះផងដែរគឺនៅមានចំណុចខ្វះខាតបន្តិចទៀត ដែលនាំអោយប្រជាជននៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា មានការអាក់អន់ស្រពន់ចិត្តត្រង់ថា មានផ្លូវបែកខ្នែងបន្តិច មិនព្រមធ្វើការអភិវឌ្ឍន៏អោយដូចគ្នាទៅនឹងផ្លូវដែលកំពុងស្ថាបនា គឺមានប្រវែងមិនដល់មួយគីឡូម៉ែត្រផងនោះ ។ មានមតិពីប្រជាពលរដ្ឋស្ទើរតែមួយរយភាគរយនៅក្នុងភូមិ ឃុំ នេះ ដែលទទូចសុំអោយមានការអភិវឌ្ឍន៏ស្របពេលគ្នា ព្រោះថា វាក៏ជាផ្លូវដែលភ្ជាប់មកពីច្រកទ្វាព្រំដែនទ្វេរភាគី មកទល់នឹងផ្លូវជាតិលេខ៧៦ដូចគ្នា ហើយមានប្រវែងខ្លីជាងផ្លូវដែលកំពុងតែធ្វើនោះទៅទៀត ។
ដូច្នេះក្នុងនាមពួកខ្ញុំជាប្រជាពលរដ្ឋបានមូលមតិគ្នាសូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ សម្តេចតេជោ ហ៊ុន សែន និង ថ្នាក់ដឹកនាំ ក្នុងខេត្តមេត្តាជួយពិចារណា និង សិក្សាឡើងវិញអំពីផ្លូវដែលមានចំងាយមិនដល់មួយគីឡូម៉ែត្រមួយនេះ ។
ជាចុងក្រោយពួកខ្ញុំដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃុំ ស្រុកនេះ សូមមានសង្ឃឹមទុកជាមុនថាសម្តេចប្រាកដជាជួយពិនិត្យ និង ដោះស្រាយជូនប្រជាពលរដ្ឋរបស់សម្តេចជាក់ជាមិនខាន ៕
ដោយ ៖ ហេង ចាន់ណុប




