ខេត្តប៉ៃលិន ៖ មានរឿងដ៏គួរឱ្យហួសចិត្តមួយ ខណ:គ្រួសារក្រីក្រមួយ មានកូនរហូតដល់៨នាក់ បាននាំគ្នាលើកដៃសំពះសុំឱ្យអាជ្ញាធរខេត្តប៉ៃលិន ជួយអន្តរាគមន៍ បន្ទាប់ពីពួកគេបានទិញដីផ្ទះពីបុរសម្នាក់ ក្នុងតម្លៃ៥ពាន់ដុល្លារ រួចនាំប្រពន្ធកូនទៅរស់នៅអស់រយ:ពេល៤ឆ្នាំមកហើយ លុះរហូតដល់ពេលថ្មីៗនេះ ស្រាប់តែមានអ្នកផ្សេងទៅអះអាងថា ដីនោះជារបស់គេ ហើយបង្ខំឱ្យពួកគាត់ចុះចេញពីផ្ទះ ដោយកំណត់ត្រឹមតែរយ:ពេល២សប្តាហ៍ប៉ុណ្ណោះ។ ទើបពួកគាត់ មានការភ័យខ្លាចយ៉ាងខ្លាំង ដេកមិនលក់បក់មិនល្ហើយ ក៏នាំគ្នាលើកដៃទទូចអង្វរកសុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន មេត្តាជួយអន្តរាគមន៍ដោះស្រាយជូនពួកគេផងដែរ។
ហេតុការណ៍បុរសស្ត្រីក្រីក្រនាំគ្នាលើកដៃសំពះអង្វរសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិក្រ ចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា គ្រួសារដែលទិញដីផ្ទះគេមានឈ្មោះ យឿន សឿន ភេទប្រុស អាយុ៥២ឆ្នាំ ប្រពន្ធ ឈ្មោះ សួន ឈឿម អាយុ៥១ឆ្នាំ មានកូនចំនួន៨នាក់ ប្រុស៥នាក់ ស្រី៣នាក់ មានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នរស់ នៅក្នុងភូមិសង្កាត់ខាងលើ។
បើតាមសម្តីប្តីប្រពន្ធខាងលើ បានរៀបរាប់ទាំងក្តុកក្តួល និងហូរទឹកភ្នែករហាមឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ពួកគាត់បានទៅចងការនាយទុន ដើម្បីយកប្រាក់ចំនួន៥០០០ដុល្លារទៅទិញដីមានផ្ទះស្រាប់មួយកន្លែង ស្ថិតក្នុងភូមិក្រចាប់លើ ក្រុងប៉ៃលិន រួចនាំប្រពន្ធកូនទៅស្នាក់នៅ ដោយដីនោះមានទទឹង៣២ម៉ែត្រ និងបណ្តោយ១៥០ម៉ែត្រ។ ពួកគាត់បន្តទៀតថា អ្នកលក់ដីមានផ្ទះឱ្យគាត់ ឈ្មោះ គង់ សុទ្ធវិចិត្រ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅខេត្តសៀមរាប។ ប៉ុន្តែ ដោយសារខ្វះខាតលុយកាក់បង់ឱ្យគេ ពួកគាត់ក៏សម្រេចចិត្តនាំប្តីប្រពន្ធទៅធ្វើការរកស៊ីនៅប្រ ទេសថៃ ដើម្បីបានប្រាក់ផ្ញើឱ្យកូនយកទៅបង់ថ្លៃការ ដោយទុកតែកូនៗ ឱ្យស្នាក់នៅថែរក្សាផ្ទះប៉ុ ណ្ណោះ។ ស្រាប់តែពេលត្រឡប់មកដល់ផ្ទះវិញ រហូតមកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ មានបុរសម្នាក់ ឈ្មោះ រី ហាក់ អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ឌឹម សុភាព អាយុ៤៩ឆ្នាំ បានដាក់ពាក្យបណ្តឹងទៅមេភូមិក្រចាប់លើ ដើម្បីបណ្តេញពួកគាត់ចេញពីផ្ទះ។ ពេលនោះ ពួកគាត់គ្មានពាក្យអ្វីនឹងឆ្លើយតបទៅគេវិញទេ គ្រាន់តែនិយាយថា ពួកគាត់បានទិញដីស្របច្បាប់ មិនបានលួចប្លន់ ឬចូលទៅរស់នៅអត់មានច្បាប់ទម្លាប់ ឬគ្មានការអនុញ្ញាតិពីម្ចាស់ផ្ទះនោះឡើយ។ ពួកគាត់ក៏មិនព្រមចាកចេញទៅរស់នៅកន្លែងណាទៀតដែរ ព្រោះដីនិងផ្ទះនេះគឺជាសាច់ស្រស់ឈាមស្រស់របស់ពួកគាត់ ដែលបានខិតខំប្រឹងរកទាំងត្រដាបត្រដួស ទម្រាំនឹងបានប្រាក់យកទៅសងបំណុលគេ។ ពួកគាត់ក៏សូមលើកដៃអង្វរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអភិបាលខេត្តប៉ៃលិន មេត្តាជួយអន្តរាគមន៍ជូនពួកគាត់ផងដែរ។ ម្យ៉ាងវិញទៀត បើសិនជាម្ចាស់ដីដើមចង់រករឿង សូមទៅរករឿងអ្ន កដែលលក់ឱ្យពួកគាត់នេះទៅ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គង់ សុទ្ធវិចិត្រ ដែលបានលក់ដីឱ្យប្តីប្រពន្ធក្រីក្រខាងលើ បានឱ្យដឹងកាលពីវេលាម៉ោង១ និង២៧នាទីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះថា ដីនិងផ្ទះខាងលើ ត្រូវបានបុរស ឈ្មោះ រី ហាក់ ប្រពន្ធ ឈ្មោះ ឌឹម សុភាព ផ្ទេរឱ្យគាត់រួចរាល់អស់ហើយ ដោយមានស្នាម មេដៃលោកមេភូមិ និងចុះហត្ថលេខាពីលោកចៅសង្កាត់អូរតាវ៉ៅថែមទៀតផង ហើយក្រោយមកលោក ក៏លក់ដីផ្ទះបន្តទៅឱ្យបុរសស្ត្រីរងគ្រោះខាងលើតម្លៃ៥០០០ដុល្លារ។
លោកបន្តទៀតថា បើសិនជានរណាម្នាក់ចង់រករឿងសូមឱ្យទៅរករឿងខាងលោក មិនត្រូវទៅរករឿងអ្នកទិញពីលោកនោះឡើយ ព្រោះជាកម្មសិទ្ធិរបស់ខ្លួន បើលោកចង់យកទៅលក់ឱ្យអ្នកណានោះក៏បានដែរ។
ចំណែកលោក ចោប ចាន់រ័ត្ន មេភូមិក្រចាប់លើ បានឱ្យដឹងថា ខាងលោកគ្មានសិទ្ធិឯណា ទៅបណ្តេញជនរងគ្រោះឱ្យចេញពីដីផ្ទះ ដែលខ្លួនខំប្រឹងរកប្រាក់ទិញរស់នៅនោះទេ គឺក្នុងនាមជាអា ជ្ញាធរភូមិ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឈ្មោះម្ចាស់ដីដើម ឱ្យខាងលោកជួយសម្របសម្រួល ទើបខាងលោកហៅភាគីទាំងសងខាងទៅនិយាយគ្នាកាលពីពេលថ្មីៗ កន្លងទៅនេះ ហើយបើសិនជាដោះស្រាយមិនកើតទេ ខាងលោកនឹងបញ្ជូនរបាយការណ៍ទៅថ្នាក់លើ ដើម្បីចាត់ការបន្តទៀត៕


