(ខេត្តកែប)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ នេះ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងលោក ឧកញ៉ា គង់ រិទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកនឹងបិទព្រឹត្តិការណ៍ប្រកួតកីទ្បាទ្រីយ៉ាត្លុងកម្ពុជា ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ និងសម្រាប់ចូលរួមប្រកួតកីទ្បាស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាពេលខាងមុខ ដែលមានកីឡាករ កីឡាការិនីសរុបចំនួន៥២រូប រៀបចំឡេីងនៅរមណីដ្ឋានឆ្នេរលេងទឹក ក្រុងកែប ខេត្តកែប។
ពិធីនេះដែរក៏មានអញ្ជើញចូលរួមពីសំណាក លោក ទេព យុទ្ធី សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ៥ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការជំនាញ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព មន្ត្រីរាជគ្រប់លំដាប់ថ្នាក់ ក្រុមការងារបច្ចេកទេស លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ។
មានប្រសាសន៍បើកកម្មវិធីនាឱកាសនោះ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ទើបធ្វើឲ្យវិស័យកីឡាគ្រប់ប្រភេទបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដែលធ្វើឲ្យកីឡាករ កីឡាការិនី មានឱកាសចេញទៅប្រកួតជាលក្ខណៈអន្តរជាតិ នៅតាមបណ្ដាប្រទេសនានា។
ដូច្នេះក្នុងនាម រដ្ឋបាលខេត្ត មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្ត ពិតជាមានមោទនភាពខ្លាំងណាស់ ដែលខេត្តកែប បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាទ្រីយ៉ាត្លុង នាពេលនេះ និងដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នាពេលខាងមុខនេះ ។ ផ្ដើមចេញពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ទើបធ្វើឲ្យខេត្តកាន់តែមានការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកសម្រាកលំហែកំសាន្ត ជាច្រើនម៉ឺននាក់ក្នុងមួយខែៗ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំឲ្យមានកម្មវិធីនេះ នៅលើទឹកដីខេត្តកែបនាពេលនេះ ។
សូមបញ្ចាក់ផងដែរថា សម្រាប់ការប្រកួតនេះមានរយៈពេលមួយព្រឹក ហើយព្រឹត្តិការណ៍ដ៏អធិកអធមនេះ ក៏មានការចូលរួមសម្ដែងរបស់កីឡាករស្គីក្ដា និងស្គីកង់កម្ពុជា ចំនួន៥០រូប សម្រាប់ឲ្យមហាជនទស្សនាកំសាន្តសប្បាយផងដែរ៕
សេង ណារិទ្ធ

































