(ខេត្តកំពត)៖ នៅរសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពតបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរុករក ការជីកគាស់ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីជីវិតនៅកម្ពុជា ក្រោមអធិបតីភាពលោកស្រី យូ សុគន្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត នៅសាលខេត្តកំពត។
បានអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន លោកនាយករដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងប្រតិភូវៀតណាមសរុប ៥៨នាក់។
កិច្ចប្រជុំនេះមានគោលបំណងដើម្បី សម្រេចបាននូវការបន្តរុករក ការជីកគាស់ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលពលីជីវិតនៅភូមិសាស្ត្រខេត្តកំពត ដោយការរុករកនេះនឹងត្រូវប្រព្រឹត្តទៅនារដូវប្រាំងឆ្នាំ២០១៩-២០២០ខាងមុខនេះ រវាងខេត្តកំពតនិងគៀងយ៉ាង។
ក្រោយពីចប់ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបតិ្តការរុករកអដ្ឋិធាតុ ភាគីទាំងពីរ(កម្ពុជា-វៀតណាម)ក៏បានជូនវត្ថុស្សាវរីយ៍ទៅវិញទៅមក ក្នុងគោលបំណងផ្សារភ្ជាប់នូវចំណងមិត្តភាព សាមគ្គីភាព ជាបងប្អូនឲ្យកាន់តែជិតស្និទបន្ថែមទៀត៕ សេង ណារិទ្ធ









