(ខេត្តកំពត)៖ ករណីមនុស្សប្រុសបីនាក់ចាប់ស្ត្រីជនបរទេសនៅភូមិសាស្ត្រទឹកដីក្រុងកំពត យកទៅរំលោភបូកបានសម្រេច កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ពេលនេះត្រូវសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងនគរបាលស្រុកព្រៃនប់ឃាត់ខ្លួនបានអស់ហើយកាលពីវេលាម៉ោង២ និង៣៥នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។
យោងតាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន៖ ទី១-ឈ្មោះ សេង ស្រ៊ុន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើករថយន្តឈ្នួល មានទីលំនៅភូមិវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទី២-ឈ្មោះ ពុំ លីវី ហៅហ្វី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករតទុយោទឹកនៅលើភ្នំបូកគោ រស់នៅភូមិសាងគង់ ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ទី៣-ឈ្មោះ ង៉ែត នភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មករតទុយោទឹកលើភ្នំបូកគោ មានទីលំនៅភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។
បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ត្រូវសមត្ថកិច្ចកំពុងសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់។
សូមរម្លឹកថា កាលយប់រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ខណៈពេលមានស្ត្រីជនបរទេសម្នាក់កំពុងដើរម្នាក់ឯងនៅចំណុចផ្លូវម៉ាកេង សង្កាត់កំពង់បាយខាងជើង ក្រុងកំពត ខេត្តកំពត ស្រាប់តែមានបុរសបីនាក់បានចាប់ស្ត្រីរងគ្រោះចូលទៅក្នុងរថយន្ត រួចដឹកស្ត្រីបរទេសរូបនោះឆ្ពោះទៅផ្លូវទៅខេត្តកែបរួចនាំគ្នារំលោភលើរថយន្តរហូតបានសម្រេចដល់គោលដៅទាំងអស់គ្នា។ក្រោយពីរំលោភរួចហើយក៏ដឹកស្ត្រីជនបរទេសនោះត្រឡប់មកទម្លាក់ចោលនៅទឹកដីខេត្តកំពតវិញ ទើបពួកគេទាំងបីនាក់នាំគ្នាគេចខ្លួនបាត់អស់។
ក្រោយពីមានពាក្យបណ្តឹងពីស្ត្រីបរទេសរងគ្រោះប្តឹងថាមានបុរសបីនាក់ចាប់រំលោភបូក សមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្តកំពត បានសហការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ នៅទីបំផុតក៏កំណត់មុខសញ្ញាឈានទៅឃាត់ខ្លួនបានជាបន្តបន្ទាប់តែម្តង៕ សេង ណារិទ្ធ







