(ខេត្តកំពត)៖ រថយន្តខ្នាតធំមានសណ្តោងកន្ទុយមួយគ្រឿងពេលកំពុងបើកបរនៅលើដងផ្លូវសុខៗ ស្រាប់តែរេចង្កូតខុសផ្លូវជ្រុលធ្លាក់ចូលស្នាមភ្លោះ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងព្រឹក សង្ស័យអ្នកបើកបរដេកលក់មួយភាំង ប៉ុន្តែហេតុការណ៍នេះពុំបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។
ហេតុការណ៍បង្កខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតចំណុចក្បែរសាលាឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣៣។
តាមប្រភពព័ត៌មានពីអ្នកដំណើរបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តប្រភេទសណ្តោងខាងលើ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនបង្គួរ លុះមកដល់ចំណុចជិតសាលាឃុំត្រពាំងសង្កែ ស្រាប់តែរថយន្តនេះរេចង្កូតខុសផ្លូវ ហើយធ្លាក់ចូលស្នាមភ្លោះផ្អៀងរថយន្តស្ទើក្រឡាប់។ភ្លាមៗនោះ គេក៏ឃើញអ្នកបើ កបររថយន្តចេញមកក្រៅដោយពុំមានរងរបួសអ្វីធ្ងន់ធ្ងរឡើយ។
ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្តក៏ទូរស័ព្ទទំនាក់ទំនងហៅរថយន្តមកអូសសណ្តោងឡើងលើវិញ ដែលធ្វើឲ្យផ្លូវចំណុចនេះត្រូវកកស្ទះចរាចរមួយអន្លើផងដែរ។
ទាក់ទិននឹងករណីខាងលើ មតិមហាជនបានលើកឡើងថា កន្លងមកគេតែងកត់សម្គាល់ឃើញអ្នកបើកបររថយន្តប្រភេទធំៗ ពិសេសរថយន្តមានកន្ទុយសណ្តោង ភាគច្រើនបើកបរប្រើល្បឿនខ្លាំង មិនថានៅចំណុចផ្លូវសណ្ឋានបែបណានោះទេ គឺតែងតែបើកបរប្រជែងគ្នាក្នុងល្បឿនដូចព្យុះសង្ឃរា ខ្លះបើកបរសេពគ្រឿងស្រវឹង ខ្លះបើកបរទាំងដេកលក់ ថែមទាំងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាញឹកញាប់ទៀតផង។ទន្ទឹមនឹងករណីបែបនេះ មហាជនសំណូមពរដល់សមត្ថកិច្ចជំនាញ មេត្តាជួយចាត់វិធានការក្តៅដល់អ្នកបើកបរដូចបានរៀបរាប់ខាងលើផង៕ សេង ណារិទ្ធ




