(ខេត្តកំពត)៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយលោក ប៉ិល កុសល អភិបាលរងខេត្ត និងមន្ត្រីជំនាញរួមជាមួយអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី០៩ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញ ចុះពិនិត្យ និងជំរុញដំណើរការសាងសង់ផ្លូវបេតុង១ខ្សែហៅផ្លូវម្លប់ឫស្សី ដែលតភ្ជាប់បំបែក ចេញពីផ្លូវជាតិលេខ៣ ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
ជារួមគម្រោងផ្លូវ១ខ្សែនេះជាប្រភេទផ្លូវបេតុងសសៃដែក មានប្រវែងជិត៤០០ម៉ែត្រទទឹង៨ម៉ែត្រ មានកម្រាស់០,១៥ម៉ែត្រដោយ ប្រើប្រាស់ថវិកា បដិភាគ៥០បូក៥០រវាងការចូលរួមពីសប្បុរសជននិង មូលនិធិសង្កាត់ក្នុងឆ្នាំ២០២០។
មានប្រសាសន៍ ក្នុងឱកាសនោះ លោក ជាវ តាយអភិបាលខេត្ត បានណែនាំជំរុញដល់អាជ្ញាធរក្រុង និងសង្កាត់ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធរួមនិងសប្បុរសជននិងប្រជាពលរដ្ឋត្រូវធ្វើយ៉ាងណាសហការគ្នាឲ្យបានល្អ ដើម្បីជំរុញដំណើរការសាងសង់ផ្លូវ១ខ្សែនេះបានលឿនឆាប់រហ័សមុនដំណាច់ខែតុលាឆ្នាំ២០១៩នេះ ប្រកបដោយគុណភាពតាមលក្ខណៈបទដ្ឋានបច្ចេកទេសស្តង់ដារត្រឹមត្រូវធានាការប្រើប្រាស់បានយូរអង្វែង។
ជាមួយនេះ លោកអភិបាលខេត្តក៏បានណែនាំបន្ថែមដល់អាជ្ញាធរក្រុងនិង សង្កាត់ ឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហាសោភ័ណភាព អានាម័យ បរិស្ថានក្នុងក្រុងកំពត ពិសេសត្រូវយកចិត្តទុកដាក់មើលការថែទាំនិងស្ដារប្រព័ន្ធលូទឹកព្រមទាំងបំផុសចលនាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការចូលរួមធ្វើការសំអាតនូវអានាម័យបរិស្ថានតាមដងផ្លូវនិងមុខផ្ទះពិសេស កាប់ស្កាព្រៃតាមដងផ្លូវដើម្បីធ្វើឲ្យក្រុងកំពតប្រកបដោយសោភ័ណភាព ភាពបៃតងនិងមានអនាម័យ បរិស្ថានល្អស្អាត សក្តិសមជាក្រុងនិងខេត្តទេសចរណ៍។
ក្នុងឱកាសនោះលោកអភិបាលខេត្តនឹងសន្យាដាក់ពង្រាយអំពូលភ្លើងតាមដងផ្លូវក្នុងក្រុងកំពតបន្ថែមទៀតឲ្យបានភ្លឺស្ថិតតាមដងផ្លូវសំខាន់ពិសេសដាក់តាមដងផ្លូវនេះបន្ទាប់ពីបានសាងសង់រួច ដើម្បីធ្វើយ៉ាងណាឲ្យមានសោភ័ណភាពនៃការទាក់ទាញពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះលោកឡាយ ពីន ដែលជាសប្បុរសជនបានចូលរួមបដិភាគបរិច្ចាគថវិកាក្នុងការកសាងផ្លូវ១ខ្សែនេះស្របទៅនឹងអ្វីនៃភាពរីកចម្រើរបស់ប្រទេសជាតិបច្ចុប្បន្ន ពិសេស ក្នុងក្រុងកំពត ដើម្បីបម្រើឆ្លើយតបទៅនិងសំណូមពរតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាការចាំបាច់៕ សេង ណារិទ្ធ






