(ខេត្តកំពត)៖ បច្ចុប្បន្នខេត្តកំពត មានកន្លែងផ្តល់សេវាស្នាក់នៅ ចំនួន ២២៤កន្លែង ក្នុងនោះសណ្ឋាគារ ១៣កន្លែង, ផ្ទះសំណាក់ ១៦៩កន្លែង, បឹងហ្គាឡូ៤១កន្លែង សរុបចំនួន ៣២២០បន្ទប់សម្រាប់ទទួលភ្ញៀវទេសចរ។ ដោយឡែកក្នុងចំណោមបឹងហ្គាឡូ៤១កន្លែង ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានសម្លឹងឃើញ“ ស្លឹកចាកបឹងហ្គាឡូ” ថាសក្តិសម និងស្រស់ស្អាតបំផុត សម្រាប់ឲ្យពួកគេ មកសម្រាក លម្ហែ ជួបជុំ មិត្តភក្តិ ក្រុមការងារ និងក្រុមគ្រួសារផងដែរ។
ទាក់ទងនឹងដំណើរកំសាន្តលើទឹកដីខេត្តកំពត លោកសុភ័ក្ត្រា ដែលរស់នៅរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ខេត្តកំពតមានបឹងហ្គាឡូស្អាតៗជាច្រើន ដែលរូបលោកធ្លាប់សម្រាក ប៉ុន្តែពេលមកដល់ស្លឹកចាកបឹងហ្គាឡូ ហាក់មានអារម្មណ៍ប្លែកគេ និងស្រស់ស្រាយ ភ្លេចទុក្ខកង្វល់ទាំងពួង ព្រោះនៅទីនេះមានទេសភាពបៃតង មានស្ពានឈើធ្វើដំណើរនៅក្រោមម្លប់ដើមចាកខ្ពស់ៗ សម្រស់ដងព្រែកដ៏ស្រស់ត្រកាល ពិសេសពេលថ្ងៃរះ និងពេលថ្ងៃលិចលើកំពូលភ្នំចាំងឆ្លុះនឹងផ្ទៃទឹកព្រែកគឺពិតជាស្អាតណាស់។
ក្រៅពីទេសភាពល្អឥតខ្ចោះ ទីនេះក៏មានឆ្នេរខ្សាច់ កន្លែងអាំងសាច់ជាប់មាត់ទឹក និងមានបន្ទប់គេងមានរចនាបទតាមបែបបុរាណ ប៉ុន្តែបំពាក់សម្ភារៈទាន់សម័យនៅខាងក្នុង និងមានសេវាកម្មល្អ។
ចំណែកលោក ឈួ វង្សជីវិន មកពីរាជធានីភ្នំពេញដែរ បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនដែរថា ទីនោះពិតជាកន្លែងដ៏ស្រស់ស្អាតជាងអ្វីដែលលោកគិត។ បឹងហ្គាឡូនេះមិនត្រឹមតែផ្សារភ្ជាប់ជីវិតរស់នៅរបស់មនុស្សជាមួយនឹងធម្មជាតិទេ តែហាក់ដូចកំពុងបង្ហាញប្រាប់យ៉ាងច្បាស់ថា ធម្មជាតិនឹងមនុស្សពិតជាមិនអាចខ្វះគ្នាបាន។
កន្លែងនេះមានផាសុខភាព មានប៉មបីជាន់សម្រាប់អង្គុយកម្សាន្ត មានស្ពានឈើឆ្លងកាត់ព្រែកចាក ស្ពានឈើរាប់រយម៉ែត្រសម្រាប់ដើរតម្រង់ទៅកាន់បន្ទប់បឹងហ្គាឡូវនិមួយៗ និងសម្រាប់ដើរលំហែរគយគន់ទេសភាពព្រៃចាក អង្គុយប៉មស្រូបយកខ្សល់អាកាសបរិសុទ្ធ ដែលបក់ពីតំបន់ភ្នំផងដែរ។
ម្ចាស់ ស្លឹកចាកបឹងហ្គាឡូ លោកទិត្យ សុវណ្ណ បានប្រាប់ឲ្យដឹងដែរថា នៅក្នុងគម្រោងស្លឹកចាកបឹងហ្គាឡូ អំឡុងពេលអនាគត នឹងក្លាយទៅជា រីស៊ត និងស្ប៉ា ប៉ុន្តែបច្ចុប្បន្នចាប់ផ្តើមផ្តល់សេវាកម្មស្នាក់នៅជាជំហ៊ានដំបូងសិន។លោកថា ក្រោយពេលចាប់ផ្តើមសាងសង់អស់រយៈពេល៩ខែ គឺសម្រេចបានបឹងហ្គាឡូចំនួន១៥ ហើយនឹងបន្តសាងសង់បឹងហ្គាឡូតាមមាត់ព្រែក កន្លែងស្ប៉ា យ៉ូហ្គា កន្លែងប្រជុំ និងកន្លែងភោជនីយដ្ឋានតាមមាត់ព្រែក និងរៀបចំជាឆ្នេរតាមមាត់ព្រែកផងដែរ នៅក្នុងទំហំដីប្រមាណបួន ហិកតាកន្លះ ដែលមានស្ពានឈើសម្រាប់ដើរនៅក្នុងព្រៃចាក ប្រវែង៧៥០ម៉ឺត្រ។
ស្របពេលដែលកន្លែងទេសចរណ៍ដ៏សំបូរបែបដូចខាងលើ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា វិស័យទេសចរណ៍របស់ខេត្តកំពតមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយមានកន្លែងផ្តល់សេវាស្នាក់នៅចំនួន ២២៤កន្លែង ក្នុងនោះ សណ្ឋាគា ១៣កន្លែង, ផ្ទះសំណាក់ ១៦៩កន្លែង, បឹងហ្គាឡូ៤១កន្លែង សរុបមានចំនួន ៣២២០បន្ទប់ ប៉ុន្តែក្នុងចំណោមបឹងហ្គាឡូទាំងអស់ ស្លឹកចាកបឹងហ្គាឡូវទាក់ទាញជាងគេ ទោះទើបបើកដំណើរការបម្រើសេវា។ លោកបានបន្តថា ពេលស្ថាបនារួចរាល់ លោកប្រធានមន្ទីរ រំពឹងថា ពិតជាមានភ្ញៀវមកកម្សាន្តកាន់តែច្រើនថែមទៀត ហើយកន្លែងនេះនឹងក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយថ្មីថែមទៀត សម្រាប់ខេត្តកំពត។
សូមបញ្ជាក់ថា ដើម្បីទៅដល់ស្លឹកចាកបឹងហ្គាឡូ ត្រូវធ្វើដំណើរពីផ្សារសាមគ្គីកំពត ឆ្ពោះទៅស្ពានថ្មី ពេលដល់គល់ស្ពានបត់ទៅស្តាំដៃ បន្តដំណើរ រហូតដល់ឃើញក្លោងទ្វារវត្តទឹកវិល រួចចូលតាមក្លោងទ្វារ សរុបចម្ងាយប្រមាណ២គីឡូម៉ែត្រ ទីតាំងស្ថិត ក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត៕ សេង ណារិទ្ធ









