(ខេត្តកំពត)៖ ក្នុងរយៈពេលបីថ្ងៃនៃឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩ ខេត្តកំពតបានទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិជាង១២ម៉ឺននាក់។ជាមួយនឹងឱកាសបុណ្យភ្ជុំបិណ្ឌនេះ មានលក្ខណៈល្អប្រសើរ គឺពុំមានបទល្មើសណាមួយកើតឡើងជាយថាហេតុនោះឡើយ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះថា ក្នុងរយៈពេលបីថ្ងៃគិតចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ខេត្តកំពតទាំងមូលទទួលភ្ញៀវទេចរសរុបចំនួន ១២២,៤៩៤នាក់ នេះបើប្រៀបធៀបរយៈពេលដូចគ្នានៃឱកាសបុណ្យភ្ជុំបុណ្ឌ គឺកើនឡើង៤.១៣ ភាគរយ ខណៈស្ថានភាពទូទៅក្នុងខេត្តកំពត មានលក្ខណៈល្អប្រសើរ។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃនេះ នៅគ្រប់តំបន់ទេសចរណ៍ទូទាំងខេត្ត ពិតជាបង្កលក្ខណៈងាយស្រួលក្នុងដំណើរទេសចរណ៍ ពោលគឺពុំមានកើតរូបភាពបទល្មើសណាមួយគួរឲ្យកត់សម្គាល់ឡើយ។
ជាងនេះទៅទៀត បើយើងក្រឡេកមើលស្ថានភាពទូទៅ នៅក្នុងរមណីយដ្ឋាននិមួយៗនៃភូមិសាស្ត្រខេត្តកំពត គឺមានលក្ខណៈល្អប្រសើរ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ពិសេសធានាសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ ដែលមកទស្សនា សម្រាក លម្ហែ កម្សាន្ត នៅគ្រប់តំបន់ទេសចរណ៍ទូទាំងខេត្តកំពត៕ សេង ណារិទ្ធ






