(ខេត្តកែប)៖ ក្នុងអំឡុងពេលបីថ្ងៃនៃរដូវបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញក្រុមអ្នកទេសចរណ៍បានសម្រុកមកសម្រាក លម្ហែ កម្សាន្តនៅរមណីយដ្ឋានខេត្តកែប ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ជិត៩មឺុននាក់ ដែលជាហេតុបណ្តាលឲ្យដងផ្លូវមួយចំនួនក្នុងតំបន់ ត្រូវកកស្ទះចរាចរណ៍មួយអន្លើ។
ស្របពេលដែលភ្ញៀវបានសម្រុកមកទស្សនានៅខេត្តកែបដ៏ច្រើនលើសលប់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ គេបានកត់សម្គាល់ឃើញថាខេត្តកែបកំពុងប្រឈមនឹងការខ្វះកន្លែងស្នាក់នៅ ដោយសារសណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងរមណីយដ្ឋានមួយនេះមិនទាន់មានគ្រប់គ្រាន់សម្រាប់ទទួលឲ្យភ្ញៀវស្នាក់អាស្រ័យនៅឡើយ។
បើផ្អែកលើរបាយការណ៍ដែលទទួបានពីរដ្ឋបាលខេត្តកែបនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី២៧រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិបានមកទស្សនា សម្រាក លម្ហែ កម្សាន្ត នៅឆ្នេរកែបមានចំនួន ៨៦.៨៨៦នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន១.៦៣៥នាក់ តួលេខនេះបើប្រៀបធៀបរយៈពេលដូចគ្នា នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ គឺកើនឡើង៨,៨២%។ដោយឡែកចំពោះភ្ញៀវអន្តរជាតិក៏មានការកើនឡើងជាងឆ្នាំមុនប្រមាណ ៥,៦២% ផងដែរ។
លើសពីនេះបើយើងសង្កេតមើលនៅតាមតំបន់ទេសចរណ៍ជាច្រើនទៀតស្ថិតក្នុងភូមិសាស្ត្រខេត្តកែប ដូចជាឆ្នេរកោះទន្សាយ ឆ្នេរកោះពោធិ៍ ឆ្នេរអង្កោល សួនមេអំបៅ និងតំបន់ទេសចរណ៍ភ្នំវល្លិ៍ដែលជាភូមិសាស្ត្រមួយសំបូរទៅដោយចំការដំណាំគ្រប់ប្រភេទ ពិសេសដំណាំម្រេច ក៏ជាមុខព្រួញមួយដែលធ្វើឲ្យក្រុមអ្នកទេសចរណ៍គ្រប់ជាតិសាសន៍កំពុងផ្តោតអារម្មណ៍យ៉ាងខ្លាំង ព្រោះនៅទីនេះពួកគេបានគយគន់មើលសម្រស់ធម្មជាតិមានព្រៃភ្នំ និងទេសភាពដ៏ត្រកាលនៃដើមរុក្ខជាតិហូបផ្លែ ព្រមទាំងបានគយគន់មើលដំណាំម្រេចរាប់រយហិកតាទៀតផង។
សូមជម្រាបថា នៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ការចូលទស្សនាកម្សាន្តក្នុងរមណីរដ្ឋានឆ្នេរកែប ត្រូវហែកសំបុត្របង់ភាសីុចំណតរថយន្តសម្រាប់សេវាផ្នែកអនាម័យ ដោយរថយន្តធំៗគឺតម្លៃ៥០០០រៀល ចំណែករថយន្តតូចប្រភេទទេសចរណ៍តម្លៃ ៤០០០រៀល។
ចំពោះបញ្ហាសន្តិសុខក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តកែបក្នុងឆ្នាំនេះ ពិតជាមានលក្ខណៈល្អប្រសើរ គឺទទួលបាននូវសុខ សុវត្ថិភាព ដោយគ្មានបទល្មើស ឬអំពើហិង្សាកើតឡើងគួរឲ្យកត់សម្គាល់ឡើយ៕ សេង ណារិទ្ធ









