(ខេត្តកែប) ថ្លែងក្នុងឱកាសទិវារបស់មនុស្សចាស់កម្ពុជា និងទិវាមនុស្សអន្តរជាតិ ១តុលា ដែលរៀបចំឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកែប នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកកែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ក៏បានអំពាវនាវដល់ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋត្រូវមានរួមគ្នាការពារសុខ សន្តិភាពឲ្យបានគង់វង្ស សូមកុំចាញ់ឧបាយកល បោកបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជន ដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោងឲ្យសោះ។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនេះក្រុមប្រឆាំងមានផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ហើយរូបភាពរបស់ពួកគេគឺប្រើរចនាសម្ព័ន្ធនៃអតីតគណបក្សសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ ខណៈដែលគណបក្សនេះត្រូវបានតុលាការកំពូលសម្រេចរំលាយចោលដោយសាលដីកាស្ថាពរលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជាមួយនឹងឱកាសនោះ លោក កែន សត្ថា អភិបាលខេត្តបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សអន្តរជាតិ ១តុលា ឆ្នាំ២០១៩ ដោយមានខ្លឹមសារថា ថ្ងៃនេះប្រជាជាតិកម្ពុជាមានក្តីរីករាយដោយបានចូលរួមជាមួយប្រជាជាតិទូទាំងពិភពលោក ប្រារព្ធពិធីអបអរសាទរទិវាមនុស្សចាស់ នៅកម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រជាមួយលោកតា លោកយាយ ព្រឹទ្ធាចារ្យ និងបងប្អូនជនរួមជាតិទាំងអស់ ព្រមទាំងប្រជាជាតិទូទាំងពិភពលោក ក្នុងឱកាសទិវាមនុស្សចាស់ឆ្នាំនេះ ក្រោមប្រធានបទ”គាំទ្រសុខុមាលភាពមនុស្សចាស់គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្ត ប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា” ដែលជាទិវារំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់ទូទាំងសកលលោក និងលើកកម្ពស់មនសិការ ទទួលខុសត្រូវក្នុងការចូលរួមកសាងសមិទ្ធផលសង្គមជាតិមួយ ដែលមានការយកចិត្តទុកដាក់នូវសុខុមាលភាពដល់ប្រជាជនគ្រប់វ័យ ពិសេសគិតគូរដល់មនុស្សវ័យចាស់។
សូមជម្រាបថា តាមរបាយការណ៍របស់លោក ចាន់ សាម៉េង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប បានឲ្យដឹងថា ដោយអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្ត្រី និងអនុសាសន៍របស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យមន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទាខេត្ត រៀបចំទិវានេះឡើង ចារៀងរាល់ឆ្នាំ។
លោកប្រធានបានបន្តថា នៅឆ្នាំ២០១៩នេះ ការរៀបចំទិវាមនុស្សចាស់ ក្រោមប្រធានបទ”គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាព មនុស្សចាស់គ្រប់វ័យនិងក្នុងសង្គមជាតិនៅកម្ពុជា” ក្នុងគោលបំណងយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សវ័យចាស់កម្ពុជា ហើយរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ សម្រាប់អនុវត្តតួនាទីនិងភារកិច្ចដែលមានជាអាទិ៍ រៀបចំគោលនយោបាយដើម្បីលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់គ្រប់ទីកន្លែង៕ សេង ណារិទ្ធ









