(ខេត្តកំពត)៖ នៅទីបំផុត អាចម៍ដីដែលជនមិនស្គាល់មុខបានចាក់លុបដីសាធារណៈរបស់រដ្ឋបំណងទន្ទ្រានយកនៅចំណុចខាងលិចព្រែកក្បាលរមាស ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានអាជ្ញាធរក្នុងដែនសមត្ថកិច្ច ហៅគ្រឿងចក្រមកកាយចេញវិញជិតអស់ហើយ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។
ជាការកត់សម្គាល់ ចំពោះការចាក់ដីលុបដីសាធារណៈរបស់រដ្ឋ ត្រង់ចំណុចជិតព្រែកក្បាលរមាសយ៉ាងព្រហើនដូចខាងលើ មជ្ឈដ្ឋានជាច្រើនបានលើកឡើងថា បើត្រឹមថ្នាក់ពលរដ្ឋតូចតាចប្រហែលមិនហ៊ានទន្ទ្រានបែបនេះឡើយ ព្រោះចំណុចនេះជាដីព្រៃលិចទឹក និងជាទីតាំងបណ្តោះទឹក ដែលជានិច្ចកាលតែងហូរបាចសាចមកពីគ្រប់កន្លែងហូរចូលក្នុងព្រែកក្បាលរមាសបន្តទៅសមុទ្រ ហើយចំពោះការចាក់ដីលុបវាទយកនេះប្រហែលជាមន្ត្រីគ្រាក់ៗហើយទើបមិនខ្លាចញញើតច្បាប់បែបនេះ។
ជាមួយគ្នានេះគេបានសង្កេតឃើញថា ការកាយអាចម៍ដីចេញពីចំណុចនេះហាក់មិនទាន់អស់ទាំងស្រុងនៅឡើយ ពោលគឺគ្រាន់តែកាយត្រឹមចង្អួរផ្លូវទឹកប៉ុណ្ណោះ ចំណែកដីដែលចាក់ក្បែរចិញ្ចើមផ្លូវហាក់នៅពាសពេញនៅឡើយ។
សូមបញ្ជាក់ថា ករណីចាក់ដីនៅលើដីសាធារណៈរបស់រដ្ឋ ចំណុចខាងលិចព្រែកក្បាលរមាស ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត បានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការចាក់ដីទន្ទ្រាន លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ក៏បានដឹកនាំសហការីចុះត្រួតពិនិត្យ និងបញ្ជាឲ្យអាជ្ញាធរស្រុកទឹកឈូ ត្រូវតែកាយអាចម៍ដីចេញវិញដោយគ្មានរារែក។នៅទីបំផុតអាជ្ញាធរក្នុងតំបន់ ក៏បានហៅឲ្យគ្រឿងចក្រទៅកកាយយកអាចម៍ដីចេញវិញកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ប៉ុន្តែការកាយនេះមិនទាន់យកដីចេញអស់នៅឡើយទេ៕ សេង ណារិទ្ធ






