(ខេត្តកែប)៖ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមកាន់បិណ្ឌ ទី៩ ក្នុងវត្តសត្ថារាជាអង្គព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ លោក កែន សត្ថា អភិបាល នៃគណៈភិបាលខេត្តកែប បានធ្វើការអប់រំ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរតាមដងផ្លូវសាធារណៈ បើកបររថយន្ត ម៉ូតូ ត្រូវចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ពាក់មួក និងខ្សែក្រវាត់សុវត្ថិភាព ដាក់កញ្ចក់មើលក្រោយឱ្យបានត្រឹមត្រូវ និងកុំបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីបង្កាគ្រោះថ្នាក់ចរាចរជា យថាហេតុ ដែលនាំឱ្យខូចខាត ទ្រព្យសម្បត្តិ លុយកាក់ ខាត់បង់ពេលវេលារកស៊ី ធ្លាក់ខ្លួនពិការ ឬបាត់បង់ជីវិតជាដើម។
លោកអភិបាលខេត្តកែប បានបញ្ជាក់ទៀតថា ស្របពេលដែលប្រទេសជាតិកាន់តែមានការរីកចម្រើន ជីវភាពប្រជាពលរដ្ឋកាន់តែធូរធា ដូច្នេះកំណើននៃយានយន្តគ្រប់ប្រភេទ បានកើនឡើងយ៉ាងឆាប់រហ័ស ដែលបង្ករនូវការកកស្ទះនៅតាមទីក្រុង ទីប្រជុំជន និងមានគ្រោះថ្នាក់ចរាចរជាបន្តបន្ទាប់ ដែលនេះគឺជាបញ្ហាប្រឈមដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដើម្បីដោះស្រាយ។
លោកបានបន្តថា ក្រៅពីគ្រោះថ្នាក់ចរាចរ បញ្ហាគ្រឿងញៀន ក៏នៅតែជាបញ្ហាចំបងដែលយើង ទាំងអស់គ្នា ត្រូវតែរួមគ្នាដោះស្រាយ និងទប់ស្កាត់ ទាំងព្រះសង្ឃ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ក៏ដូចអាជ្ញាធរដែនដី ត្រូវអប់រំផ្សព្វផ្សាយ ដល់យុវជន កូនប្រុសស្រី សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋទៅ ឱ្យយល់ដឹងពីផលប៉ះពាល់នានាទាំងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ជាមួយនេះ លោកអភិបាលខេត្តបានចាត់ទុកការជួបជុំគ្នាធ្វើបុណ្យទានបានយ៉ាងរីករាយដូចពេលនេះ គឺជា សមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលរាប់រយទៀត នៃសន្តិភាព បើគ្មានសន្តិភាពទេ នោះអ្វី គ្រប់យ៉ាងក៏និងត្រូវបាត់បង់ដែរ ហេតុនេះលោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខសន្តិភាពដែលខិតខំកសាងមកយ៉ាងលំបាកនេះឱ្យបានគង់វង្ស កុំជឿលើ ពាក្យភូតកុហករបស់ជនអគតិ ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាពនៅកម្ពុជា៕ សេង ណារិទ្ធ















