(ខេត្តកំពត)៖ នៅព្រឹក ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមបើកវិញ្ញាសារនៃការប្រឡងជ្រើសរើសក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិលក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០១៩។
ការប្រឡងនេះមានការចូលរួមពីគណៈកម្មការកណ្ដាល និងមេប្រយោគពីមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីរដ្ឋបាលខេត្តកំពត ដែលប្រព្រឹត្តទៅមានរយៈពេលមួយព្រឹក មានបេក្ខជនចូលរួមប្រឡងមកពីខេត្តចំនួន០៥ គឺខេត្តកំពត កែប ព្រះសីហនុ កំពង់ស្ពឺ និងខេត្តតាកែវ ដោយមានបេក្ខជនដាក់ពាក្យសុំចូលប្រឡងសរុបចំនួន៤៨២នាក់ក្នុងនោះស្រីមានចំនួន២៦០នាក់។
ការប្រឡងចែកចេញលើក្របខ័ណ្ឌចំនួន០៤គឺ ១-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ២-ក្របខ័ណ្ឌមន្ដ្រីក្រមការ ,៣-ក្របខ័ណ្ឌមន្ដ្រីលេខាធិការរដ្ឋបាល និង៤-ក្របខ័ណ្ឌស្មៀនឃុំសង្កាត់។
មានប្រសាសន៍ក្នុងឱកាសបើកវិញ្ញាសារប្រឡងនេះ លោក ជាវ តាយ អភិបាលអភិបាលខេត្តបានបញ្ជាក់ថាការប្រឡងនេះ គឺជាការប្រឡងប្រកបដោយតម្លាភាព តាមគោលការណ៍អ្នកចេះបានពិន្ទុខ្ពស់ជាងគេគឺជាប់ និងក៏បានរំឭកផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធការប្រឡងពិសេសមេប្រយោគ និងអនុរក្ស ត្រូវយកចិត្តទុកដាក់រក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ និងវិន័យក្នុងពេលប្រឡង ដើម្បីឲ្យការប្រឡងនេះប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ ចំណែកបេក្ខជនវិញ ត្រូវតែគោរពដាច់ខាតតាមបទប្បញ្ញត្តិនៃការប្រឡង ហើយក៏ត្រូវប្រមូលស្មារតីបញ្ចេញសមត្ថភាពដំណេះដឹងឲ្យអស់ ដែលខ្លួនមានដើម្បីទទួលបានលទ្ធផលក្លាយខ្លួនជាមន្ត្រីបម្រើសង្គមជាតិឲ្យកាន់តែល្អប្រសើរថែមទៀត៕ សេង ណារិទ្ធ








