(ខេត្តកែប) នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងសហការី បានអញ្ជើញចូលរួម កាន់បិណ្ឌវេនទី៨ នៅវត្តកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ក្នុងកម្មវិធីកាន់បិណ្ឌនេះដែរមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយក នាយករងទីចាត់ការ ប្រធានអនុប្រធានអង្គភាពចំណុះសាលាខេត្ត មន្ត្រីរាជការ និងពុទ្ធិបរិស័ទ្ធយ៉ាងច្រើនកុះករ។
ក្នុងពិធីបុណ្យកាន់បិណ្ឌនេះ លោក កែន សត្ថា អភិបាលខេត្តកែបក៏បាន លើកឡើងថា បច្ចុប្បន្នដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបស្រុកទេសមានការរីចម្រើនឥតឈប់ឈរ។ជាក់ស្តែងវិស័យសាសនាបាននិងកំពុងរីកដុះដាលពេញផ្ទៃប្រទេស ពិសេសខេត្តកែបរបស់យើងតែម្តង គឺត្រូវបានកសាងវត្តអារាមយ៉ាងច្រើនសម្រាប់បម្រើផ្នែកវិស័យព្រះពុទ្ធសាសនានៃយើង។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានប្រគេនទេយ្យវត្ថុ និងប្រគេនយេគូដល់ព្រះសង្ឃ និងវេរចង្ហាន់ប្រគេនព្រះសង្ឃ ដេីម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជន អ្នកស្នេហាជាតិ មាតាបិតា ញាតិកាទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ជាកិច្ចឆ្លងបុណ្យ។
សូមបញ្ជាក់ថា៖ ក្នុងឱកាសវេនកាន់បិណ្ឌវេនទី៨ នៅវត្តកំពង់ត្រឡាចនាព្រឹកនេះ បច្ច័យចូលរួមរបស់ថ្នាក់ដឹកនាំខេត្ត រួមជាមួយមន្ត្រីរាជការ សរុបចំនួន ៣.៧៧០.០០០ រៀល៕ សេង ណារិទ្ធ






