(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា-ព្រឹទ្ធសភា លោកជំទាវកិត្តិអញ្ជើញចូលកាន់បិណ្ឌវេនទី៧ វត្តវិមានតេជ ហៅវត្តស្រះចក ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ៧/៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ រួមជាមួយក្រុមគ្រួសារ និងមន្ត្រីរាជការសាលារាជធានីភ្នំពេញ អាជ្ញាធរដែនដី បានអញ្ជើញប្រគេនយាគូដល់ព្រះសង្ឃ រាប់បាត្របង្សកូល វេរភត្តាហារប្រគេនព្រះសង្ឃ នៅវត្តវិមានតេជ្ជៈហៅវត្តស្រះចក សង្កាត់ស្រះចកខណ្ឌដូនពេញ ទៅតាមគន្លងប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា។
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានយកបច្ច័ចំនួន ៧២០០០០០០ លានរៀលប្រគេនសម្តេចសង្ឃ ចរិយា ឈឹង ប៊ុនឈា ព្រះចៅអធិការវត្ត វិមានតេជ្ជៈ ហៅវត្តស្រះចក សំរាប់កសាងព្រះវិហារថ្មីដែលទើបនិងកសាងនៅក្នុងឆ្នាំនេះកំពុងតែចាក់គ្រឹះ។
ចំពោះទេយ្យទានដែលបានប្រគេនដល់ព្រះសង្ឃ រួមមានសាដក, មី, ទឹកសុទ្ធ, ទឹកក្រូច, អង្ករ ស្ករស, ផ្លែឈើ, ត្រីខកំប៉ុង, ទឹកដោះគោខាប់, ក្រណាត់ស, បច្ច័យសំរាប់ប្រគេនព្រះសង្ឃ តាជី ដូនជី កងកម្លាំសន្តិសុខ និងកូនសិស្សលោកផងដែរ។
ពិធីបុណ្យកាន់បិណ្ឌដែលមានរយៈពេល ១៤ថ្ងៃ មុនបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យធំ ត្រូវបានប្រជាពុទ្ធបរិស័ទធ្វើឡើងក្នុងន័យឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតាញាតិការទាំង ៧សណ្តាន ដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខ សូមមកទទួលអានិសង្ឃដែលកូនចៅឧទ្ទិសជូនទៅ។
ជារៀងរាល់ឆ្នាំ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលកាន់បិណ្ឌវេនបុណ្យភ្ជំុបិណ្ឌនៅវត្តវិមានតេជ្ជៈ ហៅវត្តស្រះចក ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅក្នុងរដូវនៃពិធីបុណ្យដាក់បិណ្ឌ អស់លោក និងលោកស្រី តែងតែអញ្ជើញចូលរួមធ្វើបុណ្យដាក់ទាន ជាមួយពុទ្ធបរិស័ទព្រមទាំង បាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេនព្រះសង្ឃ និង រាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតាញាតិការ ទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលកូន ចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃ នាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឲ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ ។
មួយចំណែក នៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនចំពោះដូងវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឲ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់ កំណើតកើតក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។














