(ខេត្តកំពត)៖ ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នាគឺចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៤ខែសីហាឆ្នាំ២០១៩ លោកបណ្ឌិតប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០នៃរដ្ឋសភានិងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហៅថា(បាក់ឌុប)ឆ្នាំសិក្សា២០១៨-២០១៩ សរុបចំនួន៤៤០៤នាក់ព្រមទាំងលោកគ្រូអ្នកគ្រូចំនួន២៥៤នាក់គណៈគ្រប់គ្រងសាលាចំនួន៦៥នាក់មកពីវិទ្យាល័យនានាក្នុងស្រុក ក្រុងទាំង៨នៃខេត្តកំពត។
ពិធីជាបន្តបន្ទាប់រយៈពេលបីថ្ងៃនេះបានធ្វើឡើងនៅក្នុងស្រុកឈូក ស្រុកអង្គរជ័យស្រុកបន្ទាយមាសនិងក្រុងកំពតដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត និង លោក លោកស្រីជាសមាជីក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពតនិងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។
លោកតាក ហាប់ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានអោយដឹងថា៖ចាប់ពីរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់លើវិស័យអប់រំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨មកខេត្តកំពតបានកត់សម្គាល់ឃើញសិស្សដែលបានចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិតែងតែបានទទួលលទ្ធផលល្អប្រសើរ កត្តាទាំងនេះក៏បានផ្ដើមពីការរួមចំណែកយ៉ាងយកចិត្តទុកដាក់ពេញទំហឹងក្នុងការជំរុញនិងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិការបស់ឯកឧត្តមបណ្ឌិតប៉ែន ស៉ីម៉ន និងមានការចូលរួមសហការពីឯកឧត្តម លោកជំទាវក្រុមការងារ អាជ្ញាធរ អ្នកពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត បុគ្គលិកអប់រំ ពិសេសផ្ដោតលើការបង្រៀនវគ្គបំប៉នរបស់គ្រូស្ម័គ្រចិត្តដល់សិស្ស បានធ្វើអោយអត្រាសិស្សប្រឡង(បាក់ឌុប)ទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។
លោកប្រធានមន្ទីរក៏បានបន្តឲ្យដឹងទៀតថា៖សម្រាប់នៅឆ្នាំសិក្សា២០១៨-២០១៩ នេះខេត្តកំពតមានវិទ្យាល័យចំនួន២២មានបេក្ខជនដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិចំនួន៥ ២៣៤នាក់ក្នុងនោះស្រីមានចំនួន២.៦៦៦នាក់។
ក្នុងឱកាសនេះដែរ លោកបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានឧបត្ថម្ភថវិកាសរុប ចំនួន ៤៦.៦០០.០០០រៀល ដល់សិស្សានុសិស្សសរុប ៨០៤នាក់ ដោយម្នាក់ៗទទួលបាន៥មឺុនរៀល និងលោកគ្រូ អ្នកគ្រូចំនួន៦៤នាក់ ម្នាក់ៗទទួលបាន ១០ម៉ឺនរៀលផងដែរ។
ជាមួយគ្នានេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានឧបត្ថម្ភថវិកាសរុប ៤៥០.០០០រៀល សម្រាប់ផ្តល់ជូនដល់កងកម្លាំងទាំងបី ដែលមាន១៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល និងក្រុមគ្រូពេទ្យ៣នាក់ ម្នាក់ៗទទួលបសនថវិកា៥មឺុនរៀលផងដែរ៕
សេង ណារិទ្ធ









