ខេត្តបន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ នេះនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យបានបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្ស ចាស់ឆ្នាំ២០១៧ ឆ្នាំ២០៣០ដោយមានការចូលរួមមន្ត្រីជាន់ខ្ពស់ លោកយី យ៉ូន រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាលោកស្រី ប៉ុក ណាឌី អភិបាលរង ខេត្តតំណាងលោក អ៊ុ រាត្រី អភិបាលខេត្ត លោកឃួន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ មន្ទីរ ក្រុង ស្រុក ឃុំ ជុំវិញខេត្ត ប្រមាណជាង២០០នាក់។
ក្នុងបើកសិក្ខាសាលានោះលោកស្រី ប៉ុក ណាឌី បានមានប្រសាសន៍ថាមនុស្សចាស់ជាធនធានមនុស្សដ៏ល្អដែលធ្លាប់ឆ្លងកាត់ជាច្រើនជំនាន់ពីមួយជំនាន់ទៅមួយ ពីរបបមួយទៅរបបមួយធ្លាប់មានការដកពិសោធន៍គ្រប់បែបយ៉ាង ហើយមនុស្សចាស់គឺជាភាពចាំបាច់សំរាប់ជាគំរូដល់ក្មេងជំនាន់ក្រោយៗហើយដើម្បីតបស្នងសងគុណដល់មនុស្សចាស់រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំការថែទាំមនុស្សចាស់ក្នុងការធានាគុណភាពជីវិតមនុស្សចាស់ហើយក៏ជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយដែលរៀបចំឡើងដើម្បីដោះស្រាយរាល់បញ្ហាជាច្រើនដែលកំពុងកើតមានពីដំណើរឈានទៅរកវ័យចាស់ក្នុងក្របខ័ណ្ឌមួយនៃការអភិវឌ្ឍន៍ជាតិ។
លោកស្រីបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងសម័យប្រជុំពេញអង្គ បានអនុម័ត កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧កន្លងមកនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ក្នុងការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាធ្វើការឆ្លើយតបចំពោះគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះមនុស្សចាស់ជាធនធានដ៏សំខាន់មិនអាចរីងស្ងួតបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបង្កើតនិងថែរក្សានូវសមិទ្ធិផលជាតិនានាដែលបុព្វបុរសយើងបានបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយ ហេតុនេះទើបយើងថាមនុស្សចាស់គឺជាគ្រឹះនៃបញ្ញាញាណជាគតិបណ្ឌិតជាសម្បត្តិវប្បធម៍និងជាគេមរតកសម្រាប់យើងទាំងអស់គ្នាផងដែរ។
ក្នុងសិក្ខាសាលានោះដែរ លោក ឃួន វុទ្ធី បានមានប្រសាសន៍ដែរថាខេត្តបន្ទាយមានជ័យមានមនុស្សចាស់ចាប់ពី៦០ឆ្នាំឡើងមានចំនួនសរុប៥៣,៦៥៥នាក់ ស្រី៣០,៩៨៣នាក់ក្នុងចំណោមមនុស្សនោះភាគច្រើនជាអតីតមន្ត្រីរាជការស៊ីវិលចូលនិវត្តនិងនិវត្តជនជាអតីតយុទ្ធជនដែលកំពង់ទទួលរបបគោលនយោបាយសោធនពីរដ្ឋ។
លោក យី យ៉ូន បានមានប្រសាសន៍ដែរថាជាធម្មជាតិមនុស្សចាស់ពេលចូលដល់វ័យចាស់ពេលណា បញ្ញាស្មារតី និងសុខភាពតែងតែចុះខ្សោយ ទ្រុឌទ្រមហើយកាន់តែចាស់ភាពងាយស្រួលរងគ្រោះកាន់តែកើនដែលត្រូវការគាំទ្រ សេវាសុខុមាលភាពជាចាំបាច់ដើម្បីឲ្យមនុស្សចាស់មានភាពរឹងមានអាយុយឺនយូរផងដែរ៕







