(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានដឹកនាំគណៈកម្មការរៀបចំផ្សាររួមមាន៖លោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកនាយក នាយករងស្រុក កងកម្លាំងប្រដាប់អាវុធ ការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញាធរឃុំ និងអ្នកម៉ៅភាស៊ីផ្សារ ចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវ ករក្នុងផ្សារកំពង់ត្រាច ក្នុងគោលបំណង ចុះពិនិត្យរៀបចំសណ្តាប់ធ្នាប់ និងការអនុវត្តសៀវភៅបន្ទុករបស់ភាស៊ីផ្សារ ពិសេសស្វែងរកបញ្ហាប្រឈមនានា ដើម្បីដោះស្រាយនិងជាការឆ្លើយតបទៅនឹងបញ្ហារបស់បងប្អូនអាជីវករក្នុងផ្សារស្រុកកំពង់ត្រាចទាំងមូល។
ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានជំរុញ អប់រំណែនាំឲ្យអនុវត្តទៅតាមគោលការណ៍ និងការរៀបចំសណ្តាប់ធ្នាប់អនាម័យផ្សារឲ្យមានសោភណ្ឌភាព របៀបរៀបរយ។អប់រំណែនាំមិនអនុញ្ញាតឲ្យអាជីវករលក់ដូរលើផ្លូវបេតុងចូលផ្សារ ដើម្បីបញ្ជៀសបញ្ហាកកស្ទះផ្លូវដើម្បីជាប្រយោជន៍ក្នុងការជួយសង្គ្រោះរាល់ពេលមានករណីអគ្គីភ័យឆាបឆេះ។
លើសពីនេះ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានស្នើសុំឲ្យបងប្អូនអាជីវករទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងពេលអនុវត្តរៀបចំផ្សារ ដើម្បីទទួលបាននូវសន្តិសុខសណ្តាប់ធ្នាប់ សោភណ្ឌភាព និងអនាម័យល្អជានិច្ច៕
សេង ណារិទ្ធ








