(ខេត្តកំពត)៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំ គណ:អភិបាល មន្ទីរអង្គភាពជុំវិញខេត្ត ចូលរួម កិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅខេត្តកំពត ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ។
ក្នុងកិច្ចប្រជុំនាពេលនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុប ៨៩នាក់។
ក្នុងកិច្ចប្រជុំនេះ លោក ថោង ខុន បានលើកឡើងថា ការរៀបចំបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ ក្នុងខេត្តកំពត នឹងប្រព្រឹត្តទៅយ៉ាងអធិកអធម ដែលមានទ្រង់ទ្រាយធំជាងមុន ព្រោះបច្ចុប្បន្នខេត្តកំពតពិតជាមានភ្ញៀវទេសចរចូលមកសម្រាក លម្ហែកាន់តែច្រើនឡើងៗ ដោយសារគេចង់ឃើញ ចង់ស្គាល់តំបន់ទេសចរណ៍របស់ខេត្តយើង ពិសេសចង់ភ្លក្សរសជាតិអាហារនៅទីនេះផងដែរ។
លោក ថោង ខុន ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមគោលដៅទេសចរណ៍សំខាន់ៗនៅតាមភូមិសាស្ត្រខេត្តកំពត គេបានចាត់ទុករមណីយដ្ឋាន ឋានសួគ៌បូកគោជាគោលដៅទាក់ទាញមួយ ប្រៀបបានជាមេដែក អាចស្រូបទាញក្រុមអ្នកទេសចរណ៍ ជាតិនិងអន្តរជាតិនៃភូមិភាគនិរតី។ ហើយជារឿយៗប្រតិភូដែលមកពីប្រទេសជិតខាងយើង ក៏គេតែងតែចង់ស្គាល់តំបន់ទេសចរណ៍របស់ខេត្តកំពតយើងផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅខេត្តកំពត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន៕ សេង ណារិទ្ធ









