(ខេត្តកំពត)៖ ប្រជាពលរដ្ឋចំនួន២០គ្រួសារដែលរស់នៅក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កំពុងដង្ហោយហៅដល់អាជ្ញាធរក្នុងតំបន់ ជួយអន្តរាគមន៍ខណៈមានគ្រឿងចក្រមកឈូសឆាយដីចំការរបស់ពួកគាត់ដោយមិនខ្លាចក្រែងបន្តិចសោះ។
ពាក់ព័ន្ធនឹងការឈូសឆាយដីខាងលើ លោក សឹម សុត ជាតំណាងប្រជាពលរដ្ឋចំនួន២០គ្រួសារបានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះថា ប្រជាពលរដ្ឋដែលកាន់កាប់ដីនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត គឺក្នុងមួយគ្រួសារចាប់ពីទំហំ៥ហិកតាឡើងទៅ ដោយពួកគាត់បានកាន់កាប់និងអាស្រ័យផលតាំងពីឆ្នាំ១៩៩៨មកម្លេះ លុះដល់ឆ្នាំ២០១១ស្រាប់តែមានក្រុមហ៊ុន វើលទ្រីស្តារ បានយកគ្រឿងចក្ររំលោភឈូសឆាយដីចំការដំណាំ និងដុតផ្ទះសំបែងរបស់ប្រជាពលរដ្ឋធ្វើឲ្យបាត់បង់ឯកសារ ដីធ្លី និងសៀវភៅគ្រួសាររបស់ពួកគាត់អស់រលីង ហើយចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ននេះ ខាងអាជ្ញាធរមូលដ្ឋានមិនទាន់ធ្វើការដោះស្រាយរឿងទំនាស់នេះនៅឡើយទេ ទើបពេលនេះប្រជាពលរដ្ឋក៏សុំអន្តរាគមន៍ពីរដ្ឋបាលស្រុកឈូកដើម្បីជួយរកយុតិ្តធម៌ជូន និងជួយទប់ស្កាត់ចំពោះគ្រឿងចក្ររបស់ក្រុមហ៊ុនសូងួន កុំឲ្យធ្វើសកម្មភាពឈូសឆាយដីរបស់ពួកគាត់បន្តទៀត។
លោកសឹម សុត បានបញ្ជាក់អះអាងថា ដីដែលប្រជាពលរដ្ឋចំនួន២០គ្រួសារកាន់កាប់ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានទំហំ ១៥៨,២៣ហិកតា ដោយដីនេះគាត់ក៏បានទិញពីប្រជាពលរដ្ឋចំនួន១៩គ្រួសារ ដែលមានឯកសារទិញលក់ត្រឹមត្រូវ ហើយដីនេះត្រូវបានគាត់អាស្រ័យផលតាំងពីឆ្នាំ១៩៩៨មកម្លេះ ថែមទាំងកំពុងបំពេញឯកសារសំណុំបែបបទដើម្បីស្នើសុំប្លង់កម្មសិទ្ធិកាន់កាប់អចលនវត្ថុស្របច្បាប់ផងដែរ។
ទាក់ទិននឹងករណីគ្រឿងចក្រឈូាឆាយរំលោកភយកដីប្រជាពលរដ្ឋខាងលើ លោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាលស្រុកឈូក បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ថា ករណីនេះលោកមិនទាន់ដឹងនៅឡើយទេ ព្រោះមានទាន់បានទទួលរបាយការណ៍ ប៉ុន្តែប្រសិនដីទំនាស់ដូចបានលើកឡើងខាងលើ បើមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានចុះបញ្ជីរួចហើយនោះ អាចជារបស់រដ្ឋ”ចឹងក្រុមហ៊ុនអាចឈូសឆាយបាន”តែបើខាងមន្ទីរកសិកម្មមិនទាន់ចុះបញ្ជីនោះទេ ដីនេះជាដីរបស់ប្រជាពលរដ្ឋចំនួន២០គ្រួសារយ៉ាងពិតប្រាកដ។
សូមបញ្ជាក់ផងដែរថា ករណីទនាស់ដីនៅភូមិសាស្ត្រ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ហាក់នៅតែកើតឡើងមិនឈប់ឈរ ដោយករណីបែបនេះសុទ្ធតែផ្តើមឡើងព្រោះតែអ្នកមានលុយ មានអំណាចមួយក្តាប់តូច។ ប៉ុន្តែចំពោះករណីក្រុមហ៊ុនវើលស្តារឈូសឆាយរំលោភយកដីប្រជាពលរដ្ឋចំនួន២០គ្រួសារខាងលើ កន្លងមករដ្ឋបាលខេត្តកំពត ក៏បានចេញសេចក្តីជូនដំណឹង (ស ជ ណ)លេខ២៧០ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដោយតម្រូវឲ្យប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជាប្រធានលេខាធិការដ្ឋានអនុវត្តបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាល ដើម្បីជួយពន្លឿនក្នុងក្នុងការវាស់វែង ចេញប័ណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់ ដីធ្លីជូនប្រជាពលរដ្ឋចំនួន២០គ្រួសារនេះដោយស្របច្បាប់ ដោយយោងតាមលិខិតលេខ ០៨៨ រស.គ១ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ របស់គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងចំណាររបស់លោក ហេង វន្ថា អភិបាលរងខេត្តកំពត ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពតក៏បានជម្រាបជូនលោកប្រធានមន្ទីររៀបចំដែនដី ក្រោយពីទទួលបានលិខិតខាងលើ ដោយតម្រូវឲ្យជួយពន្លឿនការវាស់វែងដីធ្លី និងចេញប័ណ្ណសម្គាល់កម្មសិទ្ធិជូនពួកគាត់ក្នុងមួយគ្រួសារទំហំ០៥ហិកតា ដែលបានកាន់កាប់តាំងពីឆ្នាំ១៩៩៨ មកម្លេះ ដែលបានអាស្រ័យផលនៅលើដីនេះ លុះដល់ឆ្នាំ២០១១ ក្រុមហ៊ុន វើលស្តារ បានរំលោភយកដី និងឈូសឆាយផ្ទះ ធ្វើឲ្យបាត់បង់ឯកសារបញ្ជាក់ដីធ្លី និងសៀវភៅគ្រួសារគ្មានសល់។ហើយនៅឆ្នាំ២០១៣ អាជ្ញាធរខេត្ត និងក្រុមនិស្សិតបានវាស់វែងដីជូនពួកគាត់ក្នុងមួយគ្រួសារបានត្រឹមតែ០១ហិកតាប៉ុណ្ណោះ ដែលធ្វើឲ្យពួកគាត់ទទួលយកមិនបាន ទើបករណីទំនាស់នេះបានបន្តរហូតមកដល់បច្ចុប្បន្ន៕ សេង ណារិទ្ធ












