(ខេត្តកែប)៖ រថយន្តប្រភេទសណ្តោងខ្នាតធំមួយគ្រឿង ដោយសារបួងចង្កូតគេចរថយន្តមួយគ្រឿងទៀតដែលកំពុងបើកជែងក្នុងទិសដៅផ្ទុយគ្នា ស្រាប់តែជ្រុលចង្កូតធ្លាក់ចូលស្នាមភ្លោះបណ្តាលឲ្យក្រឡាប់ចាក់ក្រួសថ្មចោលពាសពេញចញ្ចើមផ្លូវ ដោយហេតុការណ៍នេះក៏បានធ្វើឲ្យអ្នកបើកបររងរបួសមធ្យមផងដែរ។
គ្រោះថ្នាក់បង្កដោយខ្លួនឯងខាងលើបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ទាក់ទិននឹងគ្រោះថ្នាក់ខាងលើ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរថយន្តប្រភេទសណ្តោងខាងលើម៉ាក ហីុយ៉ាន់ដាយ ពណ៌ស ទ្រុងពាក់ស្លាកលេខ ភ្នំពេញ 4A-6401 និងស្លាកលេខក្បាលរថយន្ត ភ្នំពេញ 3E-8319 ផ្ទុកដោយថ្មក្រួសពេញ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងផ្សេងទៀតបើកមកពីលិចហើយជែងចូលមកចំណែកផ្លូវរបស់ខ្លួន ទើបអ្នកបើកបររថយន្តសណ្តោងបួងចង្កូចគេចរួចក៏ជ្រុលធ្លាក់ចូលស្នាមភ្លោះក្រឡាប់ចាក់ថ្មក្រួសចោលតែម្តង។
សមត្ថកិច្ចបានបន្តថា អ្នកបើកបរឈ្មោះ វ៉ន សុខគង់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិគោកកួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្ន អ្នកបើកបរដែលរងរបួសត្រូវបានសមត្ថកិច្ចជួយអម្តរាគមន៍ដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ៕ សេង ណារិទ្ធ






