(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកែប ដែលត្រូវបានរៀបចំឡើងនៅសាលប្រជំុសាលាខេត្តកែប ក្រោមអធិបតីភាព លោក សាត សាមី រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ពិធីនេះនេះក៏មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាល ក្រុង-ស្រុក និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តទាំងមូល។
តាមការប្រកាសតែងតាំង ត្រូវបានប្រកាសលោក ប៊ុន យោង អតីតអនុប្រធានមន្ទីរសុខាភិបាលខេត្តកែប ជាប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ជំនួសលោក ណុប វីរៈ ដែលត្រូវជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាខេត្តកែប។
ក្រោយពីប្រកាសចូលកាន់មុខតំណែង លោក ប៊ុន យោង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកែបថ្មី បានឡើងប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះជាតិ សាសនាព្រះមហាក្សត្រ ,គោរពដោយប្រតិបតិ្តយ៉ាងត្រឹមត្រូវ រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុតិ្តនានាឲ្យបានល្អបំផុត។ប្តេជ្ញាចូលរួមអនុវត្តកម្មវិធីនយោបាយកំណែទម្រង់សីុជម្រៅគ្រប់វិស័យរបស់រាជរដ្ឋាភិបាល, ធ្វើជាសេនាធិការល្អជូនក្រសួង និងរដ្ឋបាលខេត្ត តាមរយៈការអនុវត្តឲ្យបានខ្ជាប់ខ្ជួននិងត្រឹមត្រូវតាមតួនាទី និងភារកិច្ចរបស់ខ្លួន ពិសេសវិន័យការងារដោយមឺុងម៉ាត់បំផុត។ អនុវត្តរបៀបរបបការងារតាមឋានានុក្រម និងអនុលោមតាមបច្ចេកទេសជំនាញឲ្យស្របទៅតាមរចនាសម្ព័ន្ធរបស់មន្ទីរដែលបានកំណត់ឲ្យបានត្រឹមត្រូវ។
បន្តរក្សា ពង្រឹងធ្លុងឯកភាព សាមគ្គីភាពផ្ទៃក្នុងដែលជាព្រលឹងនៃចលនាឲ្យបានរឹងមាំបន្តប្រពៃណីសាមគ្គីភាព សហប្រតិបតិ្តការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត, អនុវត្តឲ្យបានខ្ជាប់ខ្ជួននូបាវចនាពីរ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥ មុជទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។
មានមតិផ្តាំផ្ញើនាឱកាសនោះ លោក កែន សត្ថា អភិបាលខេត្តកែប បានបញ្ជាក់ថា ស្ថិតក្នុងបរិបទនេះថ្នាក់ដឹកនាំមន្ទីរអង្គភាពទាំងអស់ ពិសេសលោកប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវខិតខំលើកកម្ពស់គុណភាពការងារប្រកបដោយវិជ្ជាជីវៈ ដោយបញ្ចេញឲ្យអស់សមត្ថភាព ទេពកោសល្យ និងគំនិតច្នៃប្រឌិតក្នុងស្មារតីទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំក្រសួង ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្ត លើវិស័យជំនាញរបស់ខ្លួន។
ក្នុងន័យនេះ លោកប្រធានមន្ទីរត្រូវយកចិត្តទុកដាក់ជាមួយមន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលជាកក្តាសំខាន់ដើម្បីរួមគ្នាអនុវត្តតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អប្រសើរនិងមានការគោរពគ្នាប្រកបដោយមនសិការ និងឆន្ទៈការងារខ្ពស់ ដោយមានការបែងចែក និងប្រគល់ភារកិច្ចដល់មន្ត្រីរបស់ខ្លួនមានផែនការ ការងារច្បាស់លាស់ មានរបបប្រជុំឲ្យបានទៀងទាត់ មានរបបរាយការណ៍និងសុំយោបល់ថ្នាក់ដឹកនាំនៅពេលជួបបញ្ហាមិនអាចដោះស្រាយបាន។
ក្នុងឱកាសនោះដែរ លោក សាត សាមី រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម និងសិប្បកម្មក៏បានជំរុញដល់លោកប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មថ្មីដែលទើបប្រកាសចូលកាន់តំណែងនាពេលនេះ ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងបន្ថែមទៀតដើម្បីដឹកនាំមន្ទីរជំនាញមួយនេះឲ្យកាន់តែមានការរីកចម្រើន។
ជាការពិតណាស់ការផ្លាស់ប្តូរថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជាដំណើរប្រព្រឹត្តទៅជាធម្មតារបស់រដ្ឋបាលសាធារណៈ ប៉ុន្តែសំខាន់ការផ្លាស់ប្តូរនោះត្រូវឆ្លើយតបនឹងគោលការណ៍ក្រសួង រាជធានី ខេត្ត ដែលរាជរដ្ឋាភិបាលតម្រូវឲ្យដំណើរការសម្រាប់បម្រើមុខងារសាធារណៈឲ្យកាន់តែរឹងមាំនិងមានភាពប្រសើរឡើង។
ជាមួយគ្នានេះ លោកក៏បានថ្លែងការកោតសរសើរដល់រដ្ឋបាលខេត្តកែប ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ចិត្ត កម្លាំងស្មារតីដឹកនាំខេត្តទេសចរណ៍មានភាពស្រស់បំព្រង រួមជាមួយនឹងសមិទ្ធផលជាច្រើនរាប់មិនអស់ដែលបានបញ្ចេញរូបរាងក្នុងទឹកដីទេសចរណ៍ដ៏ប្រណិតនេះ៕ សេង ណារិទ្ធ













