សេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មកដល់ពេលនេះឈ្មួញច្រើននាក់នៅតែសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្ដិ៍៧ យ៉ាងគគ្រឹកគគ្រេងព្រោះមានការឃុបឃិតពីសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធ។ តាមប្រភពពីមន្ត្រីនៅច្រកទ្វេភាគីណាំលៀ ក៏បានបង្ហើបឲ្យដឹងដែរថា គិតពីអំឡុងថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៩ គឺឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីមិនតិចជាង២០០រថយន្តនោះទេ។ ក្នុងនោះលោក សំរិត ណយ មេនគរបាលប៉ុស្ដិ៍ច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្ដិ៍៧ ជាអ្នកមានសិទ្ធិអំណាចធំជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក ជាពិសេសនៅពេលយប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ប្រភពដែលស្និទ្ធនឹងលោក សំរិត ណយ មេប៉ុស្ដិ៍នគរបាលច្រកណាំលៀ បានឲ្យដឹងថា ឈ្មួញដែលកំពុងសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគឃ្លើនមានដូចជា ឈ្មួញឈ្មោះ សារឿន ម៉ាប់ ឈ្មួញឈ្មោះ ឆុង និងឈ្មួញឈ្មោះ គួយ សុឃុន មន្ត្រីនគរបាលខេត្តមណ្ឌលគិរី ហើយជាប្អូនប្រុសរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី។ ក្រុមឈ្មួញទាំងនោះមិនញញើតក្នុងការបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកប៉ុស្ដិ៍៧នោះទេ ព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ទទួលផលប្រយោជន៍ពីពួកគេជាប្រចាំ ហើយពួកគេមានខ្នងបង្អែករឹងមាំ។ មន្ត្រីនៅច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្ដិ៍៧ បានបញ្ជាក់ទៀតថា លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ ដូច្នេះហើយទើបលោក សំរិត ណយ មេប៉ុស្ដិ៍នគរបាលច្រកទ្វេភាគីណាំលៀ ហ៊ានឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន។
តាមសេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា បានឲ្យដឹងថា បច្ចុប្បន្នព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀ កំពុងរងការបំផ្លាញយ៉ាងគំហុក ព្រោះលោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាំលៀ គឺជាអ្នកឃុបឃិតឲ្យមានបទល្មើសកើតឡើងយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានរាយការណ៍ថា ឈ្មួញឈ្មោះ សារឿន ម៉ាប់ ឈ្មួញឈ្មោះ ឆុង និងឈ្មួញឈ្មោះ គួយ សុឃុន ប្រមូលទិញឈើពីតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀ ហើយដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកប៉ុស្ដិ៍៧ យ៉ាងពេញបន្ទុកតែម្តង។ បញ្ហានេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងស្រុកពេជ្រាដា ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យក្នុងពេលឆាប់ៗខាងមុននេះឡើយ ព្រោះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មិនយកចិត្តទុកដាក់បង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើឲ្យស្របតាមបទបញ្ជាលេខ០០២ របស់រាជរដ្ឋាភិបាលនោះទេ៕





