(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី០១ខែកក្កដាឆ្នាំ២០១៩ លោក ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំដើម្បីជំរុញការងាររៀបចំសណ្ដាប់ធ្នាប់សោភ័ណភាពនិងអានាម័យបរិស្ថានក្រុងកំពត។
កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងនិងសង្កាត់ទាំង៥នៃក្រុងកំពត ដោយកិច្ចប្រជុំនេះ បានផ្ដោតលើការងារសំខាន់ៗរួមមានការងាររៀបចំ កែលំអនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូបង្ហូរទឹក ភ្លើងបំភ្លឺតាមដងផ្លូវសំខាន់ៗនិងបញ្ហាការប្រមូលទុកដាក់សម្រាមឱ្យបានទាន់ពេលវេលារួមនឹងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធសោភ័ណភាពនិងអនាម័យបរិស្ថានដោយធ្វើយ៉ាងណាឱ្យការរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពតប្រកបដោយសុខមាលភាពសមរម្យនក៏ដូចជាការធ្វើឱ្យមានការទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដែលទីក្រុងកំពតឈានឆ្ពោះទៅការចូលរួមប្រឡងប្រណាំងទីក្រុងអាស៊ានពិសេសការធ្វើម្ចាស់ផ្ទះជុំទី២នៃពិធីបុណ្យសមុទ្រលើកទី៨ចុងឆ្នាំ២០១៩នេះ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានចាត់ទុកកិច្ចប្រជុំពេលនេះគឺជាការងារសំខាន់ ដែលតម្រូវឱ្យមានការចូលរួមលើកជាមតិយោបល់ ពីបណ្តាមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធនិងអាជ្ញាធរក្រុង សង្កាត់ នូវបញ្ហាប្រឈមនានា នឹងតម្រូវការផ្សេងៗដែលពាក់ព័ន្ធការងារសណ្ដាប់ធ្នាប់ សោភ័ណភាពនិងអានាម័យបរិស្ថានក្នុងក្រុងកំពតដើម្បីរួមគ្នាដាក់ផែនការអនុវត្តបន្តឱ្យមានប្រសិទ្ធភាព។
លោកអភិបាលខេត្តបានបន្តទៀតថា៖នៅចំពោះមុខនេះខេត្តកំពតត្រូវមានភារកិច្ចទទួលនូវការរៀបចំ ព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ជាបន្តបន្ទាប់ ជាពិសេសព្រឹត្តិការណ៍នៃពិធីបុណ្យសមុទ្រនឹងឈានមកដល់នៅចុងឆ្នាំ២០១៩នេះដែលខេត្តកំពតត្រូវទទួលធ្វើជាម្ចាស់ផ្ទះ។
ដូច្នេះចាប់ពីពេលនេះតទៅទាំងរដ្ឋបាលខេត្ត និងក្រុងកំពតព្រមទាំងសង្កាត់ទាំង៥ក៏ដូចជាមន្ទីរជំនាញក្នុងខេត្តត្រូវតែបង្កើនការចូលរួមយកចិត្តទុកដាក់អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួននិងនៅតាមមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងដើម្បីធ្វើយ៉ាងណាឱ្យសោភ័ណភាពក្រុងកំពតប្រកបដោយភាពបៃតងនិងមានសណ្ដាប់ធ្នាប់សាធារណៈល្អ មានបរិស្ថាននិងអនាម័យល្អជាប្រចាំពិសេសតាមដងផ្លូវនិងទីលំនៅដ្ឋានប្រជាពលរដ្ឋ។
លោកអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរក្រុងកំពតនិងចៅសង្កាត់ទាំង៥រួមនិងមន្ទីរពាក់ព័ន្ធត្រូវជួយចូលរួមជំរុញធ្វើការផ្សព្វផ្សាយតាមរយៈមេក្រូក្ដីខិតប័ណ្ណក្ដីដើម្បីឱ្យប្រជាពលរដ្ឋបានទទួលការយល់ដឹងនិងមានការចូលរួមទាំងអស់គ្នាព្រោះការងាររៀបចំក្រុងត្រូវទាមទារអោយមានការចូលរួមទាំងអស់គ្នាទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទៅទើបការងារនេះសម្រេចទទួលបានលទ្ធផលល្អជោគជ័យ៕






