(ខេត្តកំពត)៖ នៅព្រឹកថ្ងៃសុក្រ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ លោក ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៥ អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងប្រតិភូអមដំណើ បានអញ្ជើញនាំយកអំណោយជាថវិកាប្រគល់ជូនក្រុមគ្រួសារនៃសពកម្មករសំណង់បានស្លាប់បាត់បង់អាយុជីវិតចំនួន៦ នាក់ ស្ថិតនៅក្នុងភូមិបឹងធំខាងកើត និងភូមិព្រៃទទឹង ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ដែលរងគ្រោះដោយឧបទ្ទវហេតុបាក់រលំអគារសំណង់នៅខេត្តព្រះសីហនុ។
អំណោយជាថវិកា បានប្រគល់ជូនក្រុមគ្រួសារសពទាំង៦ ដោយគ្រួសារនីមួយៗទទួលបានថវិកាចំនួន១,០០០,០០០៛ សរុបរួម៦,០០០,០០០៛។
បន្ទាប់មកនៅវេលាម៉ោង៣រសៀលនាថ្ងៃដដែល លោក អូន ខន អភិបាលស្រុក អមដំណើដោយលោកអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក និងសហការីរួមនឹងព្រះចៅអធិ ការវត្តអង្គកកោះ តំណាងព្រះអនុគុណស្រុក បាននាំយកអំណោយជាសំភារៈ និងថវិកា ចូលរួមក្នុងពិធីបុណ្យសពគំរប់៧ថ្ងៃ ប្រគល់ជូនដល់ក្រុមគ្រួសារសពទាំង៦ នៅភូមិឃុំខាងលើ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
អំណោយជាសំភារៈ និងថវិកា ផ្តល់ជូនគ្រួសារសពទាំង៦ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន២៦០,០០០៛ រួមនឹងអង្ករ៥០គ.ក,មី១កេស,ត្រីខ១ឡូ,ទឹកត្រី១យួរ និងទឹកសុីអុីវ១យួរ សរុបរួមថវិកា១,៥៦០,០០០៛ និងអង្ករ៣០០គ.ក, មី៦កេស,ត្រីខ៦ឡូ,ទឹកត្រី៦យួរ និងទឹកសុីអុីវ៦យួរ៕ សេង ណារិទ្ធ







