(ខេត្តកែប)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិកគណកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកែប បានចូលរួមជាអធិបតីក្នុងមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ ខែមិថុនា ឆ្នាំ១៩៥១- ២៨ ខែមិថុនា ឆ្នាំ២០១៩ )នៅទីស្នាក់ការគណបក្សខេត្តកែប។
ក្នុងពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក កែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប និង លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិការគណៈកម្មាធិការគណបក្សខេត្ត សមាជិក សមាជិការក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកែប លោក លោកស្រីក្រុមការងារយុវជនគណបក្សខេត្ត ក្រុមការងារចុះជួយខេត្តគ្រប់លំដាប់ថ្នាក់ សកម្មជនយុវជន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុ សិស្សានុស្សិជាទូទាំងខេត្តសរុបប្រមាណ ៧១០នាក់ ។
ក្នុងសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអានដោយ លោក កែន សត្ថា ប្រធានគណកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកែប បានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា កេីតឡេីងដោយប្រជាជន គឺដេីម្បីប្រជាជន ហើយមកដល់ថ្ងៃនេះ មានអាយុកាល ៦៨ឆ្នាំហើយ ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងបានចូលរួមតស៊ូរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា រំដោះជាតិឲ្យរួចផុតពីពួកអាណានិគម ចក្រពត្តិនិយម និងបានផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ នាថ្ងៃ៧ មករា ១៩៧៩ បានបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រ កសាងមាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញ។
រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជំនះ ៧មករា ក្រោមកិច្ចដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានធ្វើឲ្យ ប្រទេសកម្ពុជា មានការអភិវឌ្ឍនយ៉ាងខ្លាំង និងសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ។
គោលដៅចម្បងៗ របស់គណបក្សប្រជាជនកម្ពុជា គឺការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំ និងជំរុញការកសាង អភិវឌ្ឍន៍ប្រទេស ប្រកបដោយនិរន្តរភាព ដែលជាសរសរស្តម្ភគ្រឹះដ៏រឹងមាំ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ ក្នុងការឆ្លើយតបទៅឆន្ទះម្ចាស់ឆ្នោត។
លេីសពីនេះទៀត គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹង ពីការខិតខំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ ក្នុងការជំរុញអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យមានប្រសិទ្ធភាព ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រទាំង៤ ដែលបានកំណត់ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ព្រមទាំងពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ឆ្លងតាមជ័យជម្នះដ៏ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ប្រជាជនកម្ពុជាត្រូវការចាំបាច់ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានានូវសន្តិភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម លើកស្ទួយជីវភាពប្រជាជន និងបន្តកែទម្រង់លើគ្រប់វិស័យតទៅមុខទៀត។
ក្នុងសារលិខិតរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ក៏បានអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់ មន្ត្រី និងសមាជិកសមាជិកាគ្រប់រូបត្រូវលើកកម្ពស់ប្រពៃណី ស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្មភាព ក្នុងការកសាងសមាជិកគណបក្សឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ សំដៅលើកកម្ពស់ សមត្ថភាពដឹកនាំរបស់បក្ស ឲ្យសម្រេចបានសមទ្ធិផលធំៗ បន្ថែមទៀត។
ក្នុងពិធីនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា “គណបក្សប្រជាជនបដិវត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជាគណបក្សប្រជាជនកម្ពុជា។ ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោកកិត្តិសេដ្ឋាបណ្ឌិត ក៏សូមឱ្យជនរួមជាតិទាំងមូល រួមសាមគ្គីគ្នាជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាលក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើម្បីសង្គមជាតិខ្មែរទាំងមូល ព្រមទាំងរក្សាខ្ជាប់នូវឧត្តមគតិស្នេហាជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាមគ្គីភាព ធ្វើតែអំពើល្អ និងជៀសវាងនូវរាល់ទង្វើមិនត្រឹមត្រូវ ដោយបំពានលើគោលការណ៍គណបក្ស ច្បាប់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន៕ សេង ណារិទ្ធ











