(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៥ខែ មិថុនាឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងមានសមាជិកក្រុមប្រឹក្សាចូលរួមចំនួន២៣រូបលើកូរុម២៥រូប។
ក្នុងរបៀបវារៈកិច្ចប្រជុំរួមមាន៖
១-ផ្សព្វផ្សាយសេចក្ដីណែនាំ លេខ០១៥ សណន របស់ក្រសួងមហាផ្ទៃ ស្ដីពី ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត។
២-ការផ្ដួចផ្ដើមរៀបចំសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត។
៣-របាយការណ៍លទ្ធផលការងាររដ្ឋបាលខេត្ត នៃក្រុមប្រឹក្សា អាណត្តិទី២ និងការងារសេសសល់ ទិសដៅរយៈពេល៣ខែ ដែលបានសម្រេចដោយ ក្រុមប្រឹក្សាខេត្តអាណត្តិទី២។
៤-ការផ្ដួចផ្ដើមរៀបចំ សេចក្ដីព្រាងប្រតិទិននៃកិច្ចប្រជុំ សាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសម្រាប់រយៈពេល១២ខែ។
៥-បញ្ហាផ្សេងៗ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានសំដែងការអបអរសាទរស្វាគមន៍ចំពោះវត្តមានសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តក្នុងអាណត្តិទី៣ថ្មីនេះទាំង២៥រូប ដោយខណៈនោះ លោកអភិបាលខេត្តកំពតបានបញ្ជាក់ថា៖យោងតាមបទបញ្ជាផ្ទៃក្នុងក្រុមប្រឹក្សាខេត្តដច្ចប្រជុំពេលនេះមាន៥៤ប្រការ គឺក្រុមប្រឹក្សានិងរដ្ឋបាលខេត្តជារដ្ឋបាលតែមួយអនុវត្តកិច្ចការរួមគ្នាក្នុងកិច្ចការតែមួយ។ក្រុមប្រឹក្សារដ្ឋបាលខេត្តជារដ្ឋបាលឯកភាព មានន័យថានាយករដ្ឋបាលតែមួយ ត្រាតែមួយ អនុវត្តកិច្ចការរួមគ្នាក្នុងរដ្ឋបាលតែមួយ។
ពាក់ព័ន្ធការងារសកម្មភាពអភិវឌ្ឍន៍ចុះមូលដ្ឋានក្ដីឬពិធីផ្សេងៗក្ដី លោកអភិបាលខេត្តបានបញ្ជាក់ថា៖កិច្ចការក្រុមប្រឹក្សា យើងធ្វើការរួមគ្នាទាំងអស់គ្នា ដូចនេះក្នុងសកម្មភាពទាំងឡាយណាដែលមានការអញ្ជើញរបស់រដ្ឋបាលខេត្តសុំឱ្យសមាជិក-សជិកាក្រុមប្រឹក្សានិងថ្នាក់ដឹកនាំចូលរួម បើអាចរួមដំណើរតែមួយក៏ល្អដោយរដ្ឋបាលរៀបចំជាមធ្យោបាយជូន ព្រោះកិច្ចការងារអភិវឌ្ឍន៍ខេត្ត អ្វីដែលសំខាន់នោះ យើងធ្វើការងាររួមគ្នាទាំងអស់គ្នាក្នុងសកម្មភាពសង្គម។
ដូចនេះទាំងក្រុមប្រឹក្សានិងគណៈអភិបាលខេត្តឬមន្ត្រីជុំវិញខេត្តទាំងអស់ត្រូវតែរួមសហការគ្នាដើម្បីអភិវឌ្ឍខេត្តនិងសង្គមជាតិយើងទាំងអស់គ្នាដោយធ្វើយ៉ាងណាឱ្យស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត។ មានប្រសាសន៍ក្នុងឱកាសបិទកិច្ចប្រជុំ
ក្នុងកិច្ចប្រជុំនេះដែរ លោក ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្តក៏បានចាត់ទុកកិច្ចប្រជុំក្រុមប្រឹក្សាខេត្តអាណត្តិទី៣លើកដំបូងនេះគឺជាការងារសំខាន់ដែលបានធ្វើឱ្យសមាជិក សមាជិកា ក្រុមប្រឹក្សាបានទទួលនូវបទបញ្ជាផ្ទៃក្នុងនៃកិច្ចប្រជុំប្រចាំខែក៏ដូចរបៀបរបបការងារភារកិច្ចតួនាទីក្នុងរដ្ឋបាលខេត្តដែលត្រូវបំពេញ។
លោកប្រធានក្រុមប្រឹក្សាខេត្តក៏បានសំដែងក្ដីសង្ឃឹមថាក្នុងអាណត្តិទី៣ក្រុមប្រឹក្សាខេត្តនេះ នឹងរឹតតែបង្កើនកិច្ចគាំទ្រសហការល្អថែមទៀតរវាងក្រុមក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត ក៏ដូចមន្ទីរអង្គភាពជំនាញជុំវិញខេត្តសំដៅធ្វើយ៉ាងណាធ្វើឱ្យខេត្តកាន់តែមានកាអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕ សេង ណារិទ្ធ






