(ខេត្តកែប)៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួនបួននាក់បានរងរបួសធ្ងន់ស្រាល ខណៈរថយន្តមួយគ្រឿងបើកបំបុកខឿនរង្វង់មូល កាលពីវេលាម៉ោង២០ និង៣៥នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតចំណុចភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ទាក់ទិននឹងករណីគ្រោះថ្នាក់នេះ សមត្ថកិច្ចមូលដ្ឋានបានរៀបរាប់ថា កាលពីវេលាដូចខាងលើ មានហេតុការណ៍ភ្ញាក់ផ្អើលទាំងយប់ ដោយសារមានរថយន្តមួយគ្រឿងបើកបុករង្វង់មូលចំការបី ដែលបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ និងអ្នករួមដំណើរបីនាក់រងរបួសស្រាល។
ប្រភពដដែលបានឲ្យដឹងទៀតថា រថយន្តបង្កខ្លួនឯងម៉ាកតាកូម៉ា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2AW-6702 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដែលមានមនុស្សជិះក្នុងរថយន្តសរុប៤នាក់ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើរថយន្តក៏ជ្រុលទៅបុករង្វង់មូលពេញទំហឹងបណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសធ្ងន់ស្រាលបែបនេះតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះក្នុងហេតុការណ៍នេះ រួមមាន៖ ១-ឈ្មោះ គៀវ រី ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកបើកបរ រស់នៅក្នុងភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប របួសធ្ងន់ ២-ឈ្មោះ សំ ស៊ុន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអញ្ចាញ ឃុំជើងគូស ស្រុកសំរោង ខេត្តតាកែវ របួសស្រាល, ៣-ឈ្មោះ សាន ពេជ្រ ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប របួសស្រាល និងទី៤-ឈ្មោះ ជា យេត ភេទស្រី អាយុ៦ឆ្នាំ រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ រងរបួសស្រាល។
ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើ ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕ សេង ណារិទ្ធ









