(ខេត្តកែប)៖ ផ្លូវលំ៣ខ្សែប្រវែង២.៤០០ម៉ែត្រ ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកែប អមដំណើរដោយ លោក កែន សត្ថា អភិបាលភិបាល នៃគណ:អភិបាលខេត្តកែប ព្រមទាំងប្រតិភូ. ក្រុមការងារគ្រប់ជាន់ថ្នាក់ និង លោក លោកស្រី ជាសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
ជាកិច្ចស្វាគមន៍ លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរ បានឲ្យដឹងថា រយៈកាលកន្លងមកនេះ ក្រុមការងារគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់កសាងអភិវឌ្ឍន៍ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ដីធ្លី និងធនធានបរិស្ថាន កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័នជាច្រើន ដូចជា ផ្លូវថ្នល់ ទំនប់ទឹក ប្រឡាយ សាលារៀន មណ្ឌលសុខភាព ជីកអណ្តូង ស្តាស្រះទឹក សាងសង់ផ្ទះជូនប្រជាពលរដ្ឋ ពិសេសពិនិត្យមើលស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានជំរុញការយកចិត្តទុកដាក់ខ្ពស់ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។
ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោកកិត្តិសេដ្ឋា ចម ប្រសិទ្ធ បានគូសបញ្ជាក់ថា បច្ចុប្បន្នដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ ទើបធ្វើឱ្យភូមិសាស្ត្រនិមួយៗនៅទូទាំងប្រទេស ពិសេសខេត្តកែបរបស់យើងគឺមានលក្ខណៈល្អប្រសើរ មានភាពរីកចម្រើនស្ទើគ្រប់វិស័យ ដូចជាការស្ថាបនាផ្លូវខ្វាត់ខ្វែងនៅក្នុងមូលដ្ឋានជាដើម។ល។
លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ក្រៅពីនោះ នៅតាមតំបន់នានាក៏ត្រូវបានជំរុញឱ្យមានអណ្តូងទឹកស្អាត និងបណ្តាញអគ្គិសនីប្រើប្រាស់ស្ទើគ្រប់មូលដ្ឋាន សម្រាប់ផ្តល់សេវាប្រើប្រាស់ជូនប្រជាពលរដ្ឋ កាន់តែមានលក្ខណៈប្រសើរជាលំដាប់។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានជំរុញដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ត្រូវរួមគ្នាអនាម័យសម្អាតបរិស្ថាន ពិសេសការរស់នៅស្អាត ហូបស្អាតប្រកបដោយភាពអនាម័យ ដើម្បីរក្សាសុខភាពឱ្យបានរឹងមាំ និងការការពារកុំឱ្យមានជំងឺដង្កាត់មកបៀតបៀន។
លោកបានបន្ថែមថា បើភូមិសាស្ត្រយើងរស់នៅមានផ្លូវកាន់តែច្រើន ក៏ក្តីសង្ឃឹមមានកាន់តែច្រើនដែរ បើយើងមានផ្លូវស្អាត ដីនៅទីនេះក៏កាន់តែមានហាងឆេងកាន់តែខ្ពស់ដែរ ដែលចំណុចនេះពិតជាជួយកាត់បន្ថយភាពក្រីក្រដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់យើង៕ សេង ណារិទ្ធ











