នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ និងចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមលក្ខណៈសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាស្វាយរៀង ជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ក៏មានការចូលរួមពីឧត្តមសេនីយ៍ឯក ជ័យ បុផ្ផា អគ្គលេខាធិការរងនៃ អ.ជ.ប.គ.ញ និងឯកឧត្តម សន សុផល អគ្គនាយកស្ដារសម្បទា និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។
ក្នុងកិច្ចប្រជុំនោះ ភាគីពាក់ព័ន្ធបានធ្វើការពិភាក្សាគ្នាលើផែនការមេ ប្លង់ស្ថាបត្យកម្ម និងការកំណត់ព្រំប្រទល់ទីតាំងដីជាក់ស្តែង ព្រមទាំងបានចុះផ្ទាល់ដល់ទីតាំងដីគម្រោង ដើម្បីធានាថាការរៀបចំផែនការសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាមួយនេះប្រព្រឹត្តទៅដោយរលូន ស្របតាមស្តង់ដារបច្ចេកទេស និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការផ្តល់សេវាព្យាបាល ថែទាំ និងស្តារនីតិសម្បទាជូនដល់អ្នកញៀនគ្រឿងញៀនប្រកបដោយប្រសិទ្ធភាពខ្ពស់។
គម្រោងសាងសង់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាស្វាយរៀង នេះ គឺជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់បំផុតមួយបន្ថែមទៀត ក្នុងការរួមចំណែកអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងការងារដោះស្រាយបញ្ហាគ្រឿងញៀននៅមូលដ្ឋាន ព្រមទាំងជួយសង្គ្រោះ និងអប់រំទំពាំងស្នងឫស្សីរបស់ជាតិឱ្យរួចផុតពីគ្រោះមហន្តរាយនៃគ្រឿងញៀនផងដែរ៕




