ប៉ៃលិន៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ដើម្បីពិនិត្យ និងរកដំណោះស្រាយដោយសន្តិវិធី លើការកាន់កាប់ទន្ទ្រានដីរដ្ឋយកមកគ្រប់គ្រង ក្នុងដែនគម្របព្រៃឈើភ្នំជ្រូកនាពេលកន្លងមក ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីទប់ស្កាត់មិនឱ្យមានការកាន់កាប់ និងទន្ទ្រានបំផ្លាញធនធានព្រៃឈើធម្មជាតិរបស់រដ្ឋបន្តទៀត។
លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី។ នេះគឺជាកិច្ចការដែលមានការពាក់ព័ន្ធតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន ក្នុងការតាក់តែងក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ព្រមទាំងការត្រួតពិនិត្យការអនុវត្ត ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តការងារនេះ។ ក្នុងនោះ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលការណ៍ វិធានការសំខាន់ៗ ដែលដាក់ចេញដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការទន្ទ្រានដោយខុសច្បាប់ លើដីនៅតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ និងដីតំបន់ការពារធនធានធម្មជាតិ ឬដីតំបន់ការពារអភិរក្ស ដើម្បីរំលោភបំពានយកធ្វើជាដីកម្មសិទ្ធិ ក្រោមហេតុផលខ្វះដីសម្រាប់អាស្រ័យផល ឬការបង្កបង្កើនផល និងគោលបំណងមួយចំនួនផ្សេងៗទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រង អភិរក្ស ការពារ និងបាត់បង់ដីរបស់រដ្ឋ។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានជម្រុញដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តកិច្ចសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, មន្ទីរបរិស្ថានខេត្ត, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ និងដីតំបន់ការពារធនធានធម្មជាតិ ឬតំបន់ការពារអភិរក្សស្ថិតនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រង និងការបំពេញតួនាទីភារកិច្ច ការទទួលខុសត្រូវរៀងៗខ្លួន ដោយជៀសវាងការឃុបឃិតគ្នាយកដីរដ្ឋ ឬដីរបស់ប្រជាពលរដ្ឋ ដែលនឹងត្រូវទទួលទោសធ្ងន់ធ្ងរបំផុតតែម្ដង៕




