(ខេត្តកំពត)៖ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សម្រេចតាមការស្នើសុំ របស់ប្រជាពលរដ្ឋ ៤៥គ្រួសារដែលបានអាស្រ័យផលជាក់ស្ដែងនៅក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ក្នុងការវាស់វែងចេញប័ណ្ណកម្មសិទ្ធិលើផ្ទៃដី៣១៥ហិកតា។
ថ្លែងនៅក្នុងកិច្ចប្រជុំដោះស្រាយសំណើរសុំវាស់វែងដីធ្លីចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ៤៥គ្រូសារ នៅភូមិព្រែកអំពិល ឃុំកោះតូចស្រុក ទឹកឈូកាលពីរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានមានប្រសាសថា៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការណែនាំ ដល់រដ្ឋបាលខេត្តនិមួយៗដើម្បីជំរុញការអនុវត្តនូវគោលនយោបាយដីធ្លីបែងចែកជូន ដល់ប្រជាពលរដ្ឋ ដែលបានអាស្រ័យផលជាក់ស្ដែង និងផ្តល់ប័ណ្ណកម្មសិទ្ធិត្រឹមត្រូវជូនពលរដ្ឋ។ រាល់សំណូមពរទាំងឡាយណារបស់ពលរដ្ឋ ដែលមានការលំបាក ហើយជាតម្រូវការចាំបាច់ រដ្ឋបាលខេត្តកំពតត្រូវតែដោះស្រាយជូនបន្ទាន់។
ដោយឡែក ក្នុងដំណាក់កាលនៃការចុះពិនិត្យរបស់ក្រុមការងារខេត្ត ដែលមានការពាក់ព័ន្ធសម្រាប់ធ្វើការដោះស្រាយតាមការស្នើសុំរបស់ប្រជាពលរដ្ឋទាំង៤៥គ្រួសារក្នុងកិច្ចប្រជុំនេះគឺមានដីទំហំ៣១៥ហិកតាដែលស្ថិតនៅភូមិ ព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ គឺក្រុមការងារខេត្តបានពិនិត្យឃើញថា៖១-ទីតាំងដីរបស់ប្រជាពលរដ្ឋស្ថិតនៅក្នុងគម្របព្រៃឈើឆ្នាំ២០០២ មិនមានការពាក់ព័ន្ធជាមួយដីឧទ្យាជាតិព្រះមន្នីវង្សបូកគោឡើយ។២-ដីដែលប្រជាពលរដ្ឋបានអះអាងថា បានកាន់កាប់អាស្រ័យផល គឺជាប្រភេទដីចម្ការ មានដើមអាកាស្សា ស្វាយចន្ទី លាយឡំជាមួយព្រៃបុស្ស និងព្រៃរបោះ ដែលមានរយៈកម្ពស់ពី២០ម៉ែត្រ ទៅ៨០ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។លោកថា តាមរបាយការណ៍ក៏ដូចជាការបញ្ជាក់ពីមន្ត្រីជំនាញ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានសម្រេចឯកភាព នឹងរៀបចំឯកសារស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលផ្ដល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំង៤៥គ្រួសារ ព្រោះរដ្ឋបាលខេត្តមិនអាចទុកបញ្ហានេះឲ្យមានភាពរ៉ាំរ៉ៃទៅមុខទៀតបានឡើយ ។
លោកអភិបាលខេត្តក៏បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្ត មិនមានគំនិតអ្វីទុករាល់សំណើរសុំរបស់ពលរដ្ឋដើម្បីសន្សំបញ្ហា ឲ្យប្រជាពលរដ្ឋមានការលំបាកទេ ប៉ុន្តែនីតិវិធីបន្តគឺ ក្រុមការងារនឹងរៀបចំចុះទៅពិនិត្យឲ្យបានជាក់លាក់ម្តងទៀតថា តើនៅលើដីនោះមានបញ្ហាទំនាស់ ឬជាដីមានម្ចាស់ជាន់គ្នាដែរឬទេ។លោកអភិបាលខេត្តក៏បានសំណូមពរដល់ប្រធានមន្ទីរពាក់ព័ន្ធទាំងអស់ ដែលជាសមាជិក គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ថ្នាក់ខេត្ត ពន្លឿន និងជំរុញធ្វើការងារនេះជូនពលរដ្ឋដែលជាម្ចាស់ដីគ្រប់គ្រងតាំងពីយូរណាស់មកហើយ ឲ្យបានឆាប់បំផុត៕ សេង ណារិទ្ធ














