(ខេត្តកែប)៖ ផ្លូវលេខ១៣៣៣ តភ្ជាប់ពីរង្វង់មូលភូមិចំការបី ដែលជាគម្រោងរបស់ខេត្តកែប មានប្រវែង២.១០០ម៉ែត្រ ត្រូវបានជួសជុលដោយចាក់ក្រាលកៅស៊ូDBST បានរួចរាល់ជាស្ថាពរហើយ។
យោងតាមសេចក្តីរាយការណ៍របស់ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានបញ្ជាក់ថា ការងារគម្រោងជួសជុលកំណាត់ផ្លូវខេត្តលរខ១៣៣៣នេះ គឺត្រូវចាក់ក្រាលកៅស៊ូប្រភេទ DBST មានប្រវែងសរុប២.១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចាប់ពីចន្លោះគីឡូម៉ែត្រ៨+៩០០ ដល់គីឡូម៉ែត្រ១១+០០០ ស្ថិតក្នុងភូមិសាស្ត្រឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្រុមការងារខាងលើ បានឲ្យដឹងទៀតថា ការងារជួសជុលផ្លូវនេះ ថ្វីត្បិតមានឧបសគ្គខ្លះៗដោយសារអាកាសធាតុមិនអំណោយផលក្តី ប៉ុន្តែក្រុមការងារជំនាញនៅតែបន្តការយកចិត្តទុកដាក់ជួសជុលយ៉ាងមមាញឹកពីក្រុមជំនាញ ដោយបានស្ថាបនាទៅតាមស្តង់ដារ និងតាមបទដ្ឋានបច្ចេកទេស។
ដោយឡែក ចំពោះដងផ្លូវជាតិលេខ៣៣ ចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៩រហូតដល់គីឡូម៉ែត្រ២៣ ស្ថិតក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ក្រុមការងារជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងខិតខំធ្វើការជួសជុលដោយក្រាលកៅស៊ូយ៉ាងសស្រាក់សស្រាំ ជាលទ្ធផលគឺជិតរួចរាល់ជាស្ថាពរហើយ៕ សេង ណារិទ្ធ







