ខេត្តប៉ៃលិន ៖ មានប្រសាសន៍ក្នុងពិធីបើកផ្តល់ប្រាក់របបគោលនយោបាយ ជូនជនពិការក្រីក្រ ចំនួន២២៤នាក់ នៅតាមសហគមន៍ ក្នុងសង្កាត់ប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញ នូវគោលនយោបាយ បើកប្រាក់បៀវត្សជូនមន្ត្រីរាជការពីរដងក្នុងមួយខែ ដើម្បីជួយសម្រួល ដល់ជីវភាព និងលើកកំពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ , ការវិនិយោគលើធនធានមនុស្ស និងការជំរុញអនុវត្ត នូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៧-២០២៥ ការផ្តល់អាទិភាពទៅលើការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ការកែទម្រង់សំដៅលើកកម្ពស់ និងកែលម្អប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈលើគ្រប់វិស័យ ដើម្បីឆ្លើយតប ទៅនឹងសំណូមពរ ក៍ដូចជាសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ ការអនុវត្តរបបគោលនយោបាយ ចំពោះជនពិការក្រីក្រ នៅតាមសហគមន៍នេះ ពិតជាមាន សារសំខាន់បំផុត ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ របស់ជនពិការ វិសមភាព និងបង្កើនលទ្ធភាពទទួលបានសេវាជំនួយសង្គម ដូចជាការព្យាបាលដោយឥតគិតថ្លៃ ការអប់រំពិសេស និងការអប់រំ បញ្ចូលគ្នា សម្រាប់ជនពិការ បង្កើនមុខរបរ និងការងារធ្វើ ការស្តារលទ្ធភាពពលកម្មកាយសម្បទា និងសេវាសាធារណៈ ជាច្រើនទៀត ជូនបងប្អូនជនពិការគ្រប់ប្រភេទ និងគ្រប់កម្រិតរបស់យើង។
ក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ក៏បានណែនាំ ដល់អង្គពិធីទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្វែងយលើឲ្យបានកាន់តែច្បាស់ នូវវិធាននីតិវិធី និងបច្ចេកទេសនានា ក្នុងការរៀបចំអនុវត្តថវិកាកម្មវិធី របស់គ្រប់អង្គភាពថវិកា នៃមន្ទីរជំនាញ នៅមូលដ្ឋាន ដោយខិតខំគោរព ឲ្យបានខ្ជាប់ខ្ជួនតាមក្របខ័ណ្ឌ និងបណ្តាវិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទាំងឡាយ ទាំងផ្នែកចំណូល និងផ្នែកចំណាយដែលកំណត់ដោយសារាចរនេះ ឲ្យកាន់តែមានភាពសុក្រិត្យ និងគុណភាពល្អ ផង ដែរ ។
សូមបញ្ជាក់ថា៖បើតាមលោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានឲ្យដឹងថា៖ ពិធីផ្តល់បណ្ណសង្គមកិច្ច និងបើកប្រាក់ឧបត្តម្ភរបបនយោបាយ ចំពោះជន ពិការ ក្រីក្រ សម្រាប់ខេត្តប៉ៃលិន នេះរៀបចំឡើង ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តប៉ៃលិន ហើយពិធីនេះ រៀបចំឡើង ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត និងបងប្អូនជនពិការ សរុបប្រមាណជាង២០០នាក់។
លោកបញ្ជាក់ថា៖ ជនពិការក្រីក្រ ក្នុងខេត្តប៉ៃលិន ដែលទទួលរបបគោលនយោបាយ របស់រាជរដ្ឋាភិបាល ទូទាំងខេត្ត មានចំនួន១៣១២នាក់ ដែលមកពីក្រុងប៉ៃលិន ចំនួន៦០៣នាក់ និងស្រុកសាលាក្រៅចំនួន៧០៩នាក់ ហើយរបបគោលនយោបាយ នេះជាការចូលរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅ កាត់បន្ថយ និង ទប់ ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ របស់ជនពិការ ព្រមទាំងជាផ្នែកមួយ នៃក្របខណ្ឌគោល នយោ បាយជាតិគាំពារសង្គម ២០១៧-២០២៥ផងដែរ ៕








