ខេត្តកំពង់ឆ្នាំង ៖ ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាបនៃឃុំប្រឡាយមាសស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាបច្ចុប្បន្នបទល្មើសប្រើឧបករណ៍នេសាទខុសច្បាប់និងបទល្មើសដាក់សម្រាស់កំពុងកើតឡើងយ៉ាងពេញបន្ទុក។ ព្រោះគ្មានមន្ត្រីរដ្ឋបាលជលផល មន្ត្រីអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។
ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលជលផលប្រចាំស្រុកកំពង់លែង ក៏ដូចជាលោក គង់ គន់ មេឃុំប្រឡាយមាស ជារត់ការឲ្យឈ្មួញនិងជនល្មើសជាច្រើននាក់ប្រើឧបករណ៍ខុសច្បាប់ប្រភេទរបាំងសាច់អួនក្រឡាញឹកនិងដាក់សម្រាស់ហុមព័ទ្ធចាប់ត្រីក្នុងតំបន់អភិរក្សយ៉ាងពេញបន្ទុក។ ចំណែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានរក្សាភាពស្ងៀមស្ងាត់ខណៈបានផលប្រយោជន៏ ហើយចាត់ទុកបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ជាប្រភពចំណូលរបស់ខ្លួន។
ប្រភពបន្តថា មេឈ្មួញទូកឌុកទាំងនោះមានឈ្មោះ.១(ជ្រុយអន្លង់កញ្ចុះ)២.(រឹម)(ស្វាយកាបនិងស្លាបកុក).(ប្រុស)(ក្រម៉ាល់).(ភាព)(ខ្សាច់ស្ពៃ).(ចនសារឿន)(ថ្នល់ឈើទាល)នៅមានជាច្រើនទៀតហ៊ុំសម្រាស់និងដាក់សម្រាស់បំផ្លាញធនធានជលផលក្នុងបឹងអភិរក្សសម្រាប់ពូជត្រីពងកូនជាច្រើនកន្លែងដោយមិនខ្លាចនិងញញើតច្បាប់ដាក់ទោសឡើយ ។ ហើយក្រុមនេះនៅតែបន្តដើររុក្ខរានទន្ទ្រាន កាប់ព្រៃលិចទឹកទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ គេពុំដែលឃើញ មន្ត្រីជំនាញណាមកបង្ក្រាបឡើយ។ប្រជាពលរដ្នរកស៊ីលក្ខណៈគ្រួសាររស់នៅឃុំប្រឡាយមាសនិងរស់នៅឃុំផ្លូវទូកស្រុកកំពង់លែងបានរិះគន់ថាអាជ្ញាធរឃុំប្រឡាយមាសនិងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងឈ្មោះលោកលីឡាបាន ឃុបឃិតបើកដៃឱ្យក្រុមមេឈ្មួញទូកឌុក និងបក្ខពួកអោយមានរត់ការហ៊ុំសម្រាស់និងកាប់ព្រៃលិចទឹកយកមកដាក់សម្រាស់ តាមព្រែកគូរ)(ព្រែកក្រម៉ាល់) (ព្រែកសាច់ស្ពៃឡូតិ៍លេខ៤) (ព្រែកអន្លង់កញ្ចុះ) (ស្វាយកាប) (ស្លាបកុក) (ព្រែកតាភោគក្រៅ) (ព្រែកបែកក្អម) (កោះបាយក្រៀម) (ព្រែកតាក្លេ) នេះនិយាយតែឃុំប្រឡាយមាស ។ រីឯចំណែកឃុំផ្លូវទូកវិញ បទល្មើសកាប់ព្រៃលិចទឹកយកមកទម្លាក់ក្នុងព្រែកនិងតាមទន្លេក្រៅដើម្បីហ៊ុំសម្រាស់ពេលខាងមុខនេះមិនចាញ់ឃុំប្រឡាយមាសប៉ុណ្ណាដែរ ។
ក្រោយពីបានទទួលព័ត៌មានខាងលើនេះ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមអ្នកយកព័ត៌មានបានចុះទៅទីនោះ សង្កេតឃើញថា មានបឹងនិងព្រែកច្រើនដែលជាបឹងអភិរក្សពូជត្រីត្រូវបានអាជ្ញាធរឃុំនិងមន្ត្រីជំនាញ លោក តាត សីហាក់ នាយផ្នែកជលផលផ្សារឆ្នាំង និងលោក ពុំ សុផល នាយសង្កាត់រដ្ឋបាលជលផលស្រុកកំពង់លែង បានឃុបឃិតនិងបើកដៃឲ្យក្រុមមេឈ្មួញល្មើសច្បាប់កាប់ព្រៃលិចទឹកយកមកទម្លាក់តាមព្រែកនិងទន្លេក្រៅហើយអោយមានរត់ការហ៊ុំសម្រាស់ទៀតផង។
ចំណែកប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាប នៃឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក៏បានឲ្យដឹងដែរថាក្រុមឈ្មួញនិងក្រុមជនល្មើសនៅតែបន្តប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងពេញបន្ទុកព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធ។
ប្រភពបានឲ្យដឹងទៀតថា ក្រុមមន្ត្រីរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងដែលមានការឃុបឃិតបើកដៃពីសំណាក់លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនិងលោកងិនហ៊ុនប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយក្រុមឈ្មួញនិងក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីនិងសម្រ៉ាស់ក្នុងបឹងទន្លេសាប ស្រេចតែអំពើចិត្ត។ បញ្ហានេះកំពុងធ្វើឲ្យធនធានមច្ឆជាតិក្នុងតំបន់បឹងទន្លេសាប នៃឃុំប្រឡាយមាសស្រុកកំពង់លែង ត្រូវប្រឈមនឹងសេចក្ដីវិនាសព្រោះឥឡូវនេះបទល្មើសប្រើឧបករណ៍ខុសច្បាប់រាលដាលកាន់តែខ្លាំងថែមទៀត ព្រោះមានការឃុបឃិតជាប្រព័ន្ធ។
ប្រជានេសាទនៅឃុំប្រឡាយមាសស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានខ្សឹបថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់និងសម្រាស់នៅតែបន្តកើតមានយ៉ាងរាលដាល ព្រោះមន្ត្រីរដ្ឋបាលជលផល មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបឡើយខណៈប្រជានេសាទទម្លាយថាសម្រាស់មួយដុំបង់សមត្ថកិច្ចជំនាញ១លានរៀលចុះ១ម៉ឺនដុំតើបង់គុណជាលុយបង់សមត្ថកិច្ចប៉ុន្មាន?។ ហើយក៏មានការរិះគន់ចំៗថាទៅលើលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង មិនយកចិត្តទុកដាក់បង្ក្រាបនិងទប់ស្កាត់បទល្មើសនេសាទឲ្យស្របទៅតាមបទបញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាលនោះទេ។ ជាក់ស្ដែងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ត្រូវមជ្ឈដ្ឋាននានារិះគន់ថា ជាអ្នកនៅពីក្រោយបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដើម្បីជាថ្នូរនឹងផលប្រយោជន៏យ៉ាងក្រអឺតក្រទម។បើយោងតាមច្បាប់ជលផលបានចែងថា៖បទល្មើសដាក់សម្រាស់នេះបានធ្វើអោយមានផលប៉ះពាល់ច្រើនយ៉ាងដល់ធនធានជលផលជាតិ និងបើគិតពីទោសទណ្ឌនៃច្បាប់វិញក៏មានទោស៣យ៉ាងផងដែរគឺ ១.កាប់ព្រៃលិចទឹក មាត្រា១០១ ជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ពិន័យប្រាក់ពី១លានទៅ៥លានរៀល ២.ដឹកជញ្ជូនសម្រាស់ មាត្រា១០១ មានទោសនិងពិន័យប្រាក់ដូចគ្នា ៣.ដាក់សម្រាស់ហ៊ុំចាប់ត្រី មាត្រា១០០ដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំពិន័យប្រាក់ពី៥លានទៅ៥០លានរៀល។ប្រជាពលរដ្ឋរកស៊ីលក្ខណៈគ្រួសារបានរិៈគន់ក្រុមអាជ្ញាធរឃុំផ្លូវទូកនិងឃុំប្រឡាយមាសនិងមន្ត្រីជំនាញថាយកច្បាប់មកដាក់ក្រោមគូថអង្គុយឃុបឃិតគ្នាទទួលសំណូកពីជនល្មើសមិនគិតពីផលប្រយោជន៍របស់ជាតិឡើយ។
សូមជម្រាបថានៅក្នុងឱកាសពិធីអបអរសាទរថ្ងៃជ័យជម្នះ៧ មករា លើកទី៣៨ ( ៧ មករា ១៩៧៩- ៧ មករា ២០១៧) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងបញ្ជាក់ថា៖«គណបក្សប្រជាជនកម្ពុជាជំរុញការអនុវត្តនូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្ក្រាបចោរកម្ម, ឃាតកម្ម, ការប្លន់ប្រដាប់អាវុធ, គ្រឿងញៀន, ការកាប់ឈើខុសច្បាប់, ការទន្ទ្រានយកដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, អាជីវកម្មរ៉ែខុសច្បាប់,អាជីវកម្មខ្សាច់ខុសច្បាប់និងការដាក់កុងត្រូលយកលុយខុសច្បាប់ជនណាដែលប្រព្រឹត្តខុសបទល្មើសត្រូវតែទទួលទោសតាមច្បាប់»។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ជាសាធារណៈហើយថា សម្តេចតេជោ ត្រូវការតែមន្ត្រីប្រភេទគ្រាប់ល្ពៅទី៤ ។ ក្រៅពីនេះសម្តេចតេជោ មិនត្រូវការឡើយ។ ជាពិសេសគឺ មន្ត្រីគ្រាប់ល្ពៅប្រភេទទី១តែម្តង ជាមន្ត្រីដែលអាក្រក់បំផុត បើតាមចិត្តខឹងវិញគួរតែ “សេះ៥បំបែកសាកសព”ទើបត្រូវ ៕








