នៅរសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយលោកស្រី លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសសាខា ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ ប្រធានកិត្តិយសសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារស្ត្រីសម្រាលកូនតូច កុមារអាយុក្រោម៥ឆ្នាំ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពត សរុបចំនួន៧០នាក់។
នាឱកាសនោះលោកស្រី បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងអាននូវសារលិខិត និងអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារដូចតទៅ៖
១/សូមឱ្យស្ត្រីមានគ៌ភទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះតាមកាលកំណត់ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យជំនាញ និងស្ម័គ្រចិត្តធ្វើតេស្តឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងមេរោគស្វាយ ដើម្បីលុបបំបាត់ពិការភាព និងការចម្លងជំងឺទាំងពីរនេះពីម្តាយទៅកូន។
២/សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យឆ្មបជំនាញទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
៣/សូមអញ្ជើញទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការជំងឺ១១មុខ តាមការកំណត់របស់គ្រូពេទ្យ។
៤/សូមបំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ចាប់ពីពេលទារកប្រសូតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
៥/សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាមនៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ចំពោះអំណោយផ្តល់ជូននាពេលនេះរួមមាន៖ សម្រាប់ស្ត្រីសម្រាលកូនតូចទទួលបាន មី១កេស ទឹកដោះគោខាប់៦កំប៉ុង ឃីតទារក១ឈុត និងថវិកាមួយចំនួន។ ឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ និងកុមារសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន៤១នាក់ ក្នុងម្នាក់ មី១កេស ទឹកដោះគោខាប់៦កំប៉ុង និងថវិកា២ម៉ឺនរៀលផងដែរ៕ សេង ណារិទ្ធ












