ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនិយ៍ទោខឹម ចិត្ត្រា នាយប៉ុស្តិថ្មីនៃនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានរងការរិះគន់ពីសំណាក់បញ្តាញគេហទំពរ័និងហ្វេសប៊ុកថាប្រព្រិត្តអំពើពុករលួយ បានចេញមុខបំភ្លឺថាពុំមែនជាការពិតនោះទេ ហើយលោកបាននឹងកំពុងបន្តពង្រឹងការងារស្នូលផ្ទៃក្នុង ការងារសហការជាមួយអាជ្ញាធរ សមត្ថកិច្ចដែនដី និងការងារកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ សំដៅធានាបានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនិងសេវាទំនាក់ទំនងល្អ ។
លោកវរសេនិយ៍ទោ ខឹម ចិត្ត្រា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់អ្នកសារព័ត៌មាន ថ្ងៃទី១៤ ខែកុម្ភ: ថា ៖លោកនិងនាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់បាននឹងកំពុងបន្តពង្រឹងនូវការងារស្នូលរបស់ជំនាញផង និងការងារកិច្ចសហប្រតិបត្តិការជាមួយសមភាគីថៃ គឺតម្រួតអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹកផង ។
ចំពោះការងារស្នូល លោកបានចូលរួមប្រជុំទទួលការណែនាំ បញ្ជាពីថ្នាក់លើ ។ ដឹកនាំប្រជុំពង្រឹងការងារក្នុងអង្គភាព បែងចែក តួនាទីភារកិច្ចការទទួលខុសត្រូវ ពង្រឹងជំនាញ ពង្រឹងវិន័យមន្ត្រី ពង្រឹងសណ្តាប់ធ្នាប់ ការដឹកនាំកម្លាំង ពលរដ្ឋនិងភ្ញៀវគោរពទង់ជាតិ ។ការផ្តល់ សម្រួលសេវាបំពេញបែបបទចូលនិងបែបបទចេញពីប្រទេសជូនភ្ញៀវនិងអ្នកដំណើរឆ្លងដែន។
ក៏បន្តពង្រឹងមន្ត្រីនករបាលខិតខំរៀនភាសាអង់គ្លេស សិក្សាពីច្បាប់ បទដ្ឋានជាតិ អន្តរជាតិ ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ក្រសួងការបរទេសចេញ …និងគោរពអនុវត្តតាមច្បាប់ តាមការណែនាំនិងដាក់បញ្ជាពីថ្នាកលើ។
លោកបានបន្តថា ៖ ក្នុងនោះដែរ អង្គភាពក៏បានរៀបចំកែសំរួលជួសជុលបន្ទាន់នូវ បញ្ជរនៃអគារបែបបទចេញពីប្រទេសនិងបែបបទចូលប្រទេស(កន្លែងវាយប៉ាស្ព័រ) ។ ជាងនេះទៅទៀត ក៏បំពាក់រថយន្ដសារ៉ែនថ្មីចំនួន២គ្រឿង ប្រដាប់ដោយសម្ភារ:អន្តរាគន៍២០ឈុត ។ បន្តការងារសហការសាង់សង់អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ។
ដោយឡែក ករណីមានការសង្ស័យឬចោទប្រកាន់មួយចំនួនដែលថា មានមន្ត្រីលោកយកលុយខុសបែបបទ បង្កថ្នាំងថ្នាក់ពលរដ្ឋនិងភ្គៀវចេញចូល ការបង្កខូចសណ្តាប់ធ្នាប់ឬបាតុភាពអានាធិបតេយ្យ ការប៉ះពាល់លុយកាក់ពលរដ្ឋឬភ្ញៀវលើការបំពេញបែបបទ ធ្វើលិខិតស្នាមនានា លោកនាយប៉ុស្តិរូបនេះ ក៏អះអាងថា នឹងស្រាវជ្រាវរកមុខនូវបុគ្គលដែលប្រព្រិត្តខុសមកទទួលខុសត្រូវ ដាក់វិន័យរដ្ឋបាលតាមវិន័យរបស់នគបាលជាតិ និងច្បាប់រដ្ឋ ។
ចំពោះការពង្រឹងពង្រីកកិច្ចសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចដែនដីដូចជាសហការជាមួយលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រី ពលរដ្ឋ បោសលាងសម្អាតបរិស្ថាន រៀបចំ កែលម្អសោភ័ណភាព សណ្តាប់ធ្នាប់ពីគល់ស្ពានកម្ពុជា-ថៃ មករង្វង់មូល ។ ការដោះស្រាយចំពោះមុខសំណូមពរសេវានានា ដូចជាសម្រួលភ្ញៀវជាប្រតិភូ ជាអ្នកជម្ងឺជាដើម។
លោកវរសេនីយ៍ ខឹម ចិត្ត្រា បានបន្ថែមថា ៖ រីឯកិច្ចសហប្រតិបត្តិជាមួយភាគីថែវិញ លោកនិងសហការីក៏បានទំនាក់ទំនង ជួបប្រជុំផ្លាស់ប្តូរបទពិសោធន៍ កិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ដោះស្រាយបញ្ហាផ្សេងៗនៅច្រកទ្វារ ក៏ដូចជាលើពលរដ្ឋកម្ពុជានិងថៃ ព្រមទាំងភ្ញៀវ អ្នកដំណើរបរទេសទាំងឡាយ។ក៏បន្តបង្កើនការទប់ស្កាត់ បង្ក្រាបទាន់ពេលវេលា នូវបទល្មើសនានាដែលអាចកើតក្នុងដែនសមត្ថកិច្ច ។
សូមរំលឹកថា លោកវរសេនីយ៍ទោ ខឹម ចិត្ត្រា បានមកាន់តំណែងជាមេប៉ុស្តិ៍ថ្មី នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងទី១៧ ខែមករា ឆ្នាំ២០១៩ គឹជំនួសលោកឧត្តមសេនីយ៍ ស៊ិម សំអាត នាយប៉ុស្តិ៍ចាស់ដែលឡើងតំណែងជាអនុប្រធាននាយកដ្ឋានច្រកទ្វារទិ១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។
និយាយជារួម មេប៉ុស្តិថ្មីនៃនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាននឹងកំពុងបន្តខិតខំពង្រឹងការងារស្នូលផ្ទៃក្នុង ការងារសហការជាមួយអាជ្ញាធរ សមត្ថកិច្ចដែនដីនិងការងារកិច្ចសហប្រតិបត្តិការជាមួយភាគីថៃសំដៅធានាបានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនិងសេវាទំនាក់ទំនងល្អ ដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចឲ្យ៕





