រតនគិរី ៖ ពិធីប្រកាសផ្ទេរ ភារកិច្ច និងតែងតាំងមុខតំណែង កងរាជអាវុធហត្ថ ជំនួសតំណែង លោក គីម រស្មី មេប៉េអឹមខេត្ត រតនគិរី កាលពីថ្ងៃម្សិលមិញនេះទី១៨ ខែ កុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និង ជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងពេលនោះដែរ នាយឧត្ដមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ ក្នុងពិធីប្រកាស តែងតាំងមុខតំណែងមន្ត្រី កងរាជអាវុធហត្ថ ហើយថែមទាំងធ្វើការព្រមាន យ៉ាងខ្លាំងៗ ទៅដល់មន្ត្រីនៅក្រោមឱវាទ មិនត្រូវយកឋានៈនិងតួនាទី របស់ខ្លួនដែលមានដើម្បីយកទៅធ្វើជាមុខរបរឡើយ ទាំងអស់នេះហើយ ដើម្បីចៀសវាងការចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋ ដែលនាំអោយមានភាពប៉ះពាល់ទៅតម្លៃ និងសេចក្ដីថ្លៃថ្នូរ និងវិន័យប៉ូលីសនគរបាល។ ប្រសិនបើរកឃើញមន្ដ្រីរូបណា យកឋានៈនិងតួនាទីប្រព្រឹត្ដិទង្វើទាំងអស់នេះ នឹងត្រូវទទួលទោសជាក់ជាពុំខាន។
លោក នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ដទៀតថា៖” ក្នុងនាមមន្ត្រី កងរាជអាវុធហត្ថ ជាអ្នកបម្រើប្រជាជន ត្រូវតែ បំពេញនូវកាតព្វកិច្ច របស់ខ្លួនរៀងៗខ្លួន និងរក្សាបាននូវ សេចក្តីថ្លៃថ្នូ សាមគ្គីផ្ទៃក្នុង អង្គភាពឲ្យ បានរឹងមាំ ដើម្បី ធានាបាននូវការបំពេញកិច្ចការងារ ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព អោយកាន់តែប្រសើរឡើង”។
ទទឹមនឹងនេះដែរ លោកបានបន្ថែមទៀតថា៖”មន្ត្រី កងរាជ អាវុធហត្ថទាំងអស់ ត្រូវចៀសវាងអោយដាច់ខាតរាល់ ការយកឋានៈតួនាទីរបស់ខ្លួន ក្នុងជួររដ្ឋាភិបាល ទៅធ្វើជា មុខរបរ ដើម្បីកៀបសង្កត់មន្ត្រីស្ថិតនៅក្រោមឱវាទ ក្នុងអង្គភាពរបស់ខ្លួន ឬតាមគ្រប់រូបភាពណាក៏ដោយ។ ប្រសិនបើ រូបលោករកឃើញថា មន្ត្រីរូបណា បានប្រព្រឹត្តិទង្វើ មិនគប្បីនិងអសកម្មណាមួយ ក្នុងអង្គភាពមន្ត្រីនោះ នឹងត្រូវទោស ដោយមិនអាចលើកលេងជាក់ជាពុំខាន” ៕






