ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រក្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាមិនអាចធ្វើខុសនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួននោះឡើយដែលបានហាមឃាត់វត្តមានរបស់កងទ័ពបរទេស ឬមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីរបស់ខ្លួន ហើយកងទ័ពរបស់កម្ពុជាក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមនៅក្នុងប្រតិបត្តិការជាមួយប្រទេសណាទាំងអស់លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។
ស្ដេចតេជោបានថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់សាធារណជន និងមិត្តបរទេសថា លោកនឹងធ្វើការឆ្លើយតបទៅនឹងអនុប្រធានាធិបតីសហរដ្ឋអាមេរិកអំពីគោលជំហររបស់កម្ពុជាស្របតាមរដ្ឋធម្មនុញ្ញដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេស ទាំងជើងគោក ជើងទឹក និងជើងអាកាសនៅលើទឹកដីកម្ពុជាឡើយ៕






