ថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានឱ្យដឹងថា មន្ត្រីនគរបាលស្រុកអន្លង់វែង បានតាំងខ្លួនជាឈ្មួញឈើ និងនាំធ្យូងចូលទៅលក់ឱ្យក្រុមឈ្មួញសៀមយ៉ាងគគ្រឹកគគ្រេង។ ប្រជាពលរដ្ឋបានបញ្ជាក់ថា មន្ត្រីជំនាញខាងលើឈ្មោះ អនុសេនីយ៍ត្រី ថាន់ ម៉ៅ បានប្រើអំណាចរបស់ខ្លួន សម្រួលដល់របរជួញឈើ និងធ្យូងទៅលក់នៅប្រទេសសៀមដែលបញ្ហានេះធ្វើឱ្យជនជាតិសៀមប្រមាថ ដល់ស្ថាប័នអនុវត្តន៍ច្បាប់នៅកម្ពុជា ព្រោះពួកគេអាចរកស៊ីខុសច្បាប់ជាមួយមន្ត្រីអនុវត្តន៍ច្បាប់របស់ កម្ពុជាបានយ៉ាងរលូន ខណៈបញ្ហាបែបនេះកម្រកើតមាននៅប្រទេសសៀម។
គេបានសង្កេតឃើញឈ្មោះ ថាន់ ម៉ៅ នគរបាលស្រុកអន្លង់វែងបាននិងកំពុងតែសម្រុកដឹកជញ្ជូនធ្យូងចេញទៅលក់ ឱ្យឈ្មួញសៀមតាមមាត់ច្រកទ្វារអន្តរជាតិជាំជាបន្តបន្ទាប់ដោយគ្មាន ខ្លាចក្រែងថាជាអំពើខុសច្បាប់នោះទេ។ ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ បានត្អូញត្អែរថា បើធ្យូងនៅតែបន្តមានហាងឆេងនាំទៅលក់ប្រទេសសៀមបែបនេះ គឺដើមឈើនៅក្នុងខេត្តឧត្តរមានជ័យ សូម្បីតែឈើតូច ឬឈើធំត្រូវតែកាប់បង្ហើយចូលទៅក្នុងឡដុតយកធ្យូង មិនខាន។
ពលរដ្ឋបានអះអាងថា សព្វថ្ងៃនេះគេសង្កេតឃើញមានពលរដ្ឋជាច្រើនគ្រួសារ បានបង្កើតជាឡដុតធ្យូងធ្វើជាមុខរបរ ពីព្រោះធ្យូងមានហាងឆេងនាំចូលទៅប្រទេសសៀម ហើយពលរដ្ឋលក់ទៅឱ្យឈ្មួញខ្មែរបានតម្លៃ១ការុងអង្ករ ៨ពាន់រៀល ទៅ៩ពាន់រៀល ហើយក្រុមឈ្មួញខ្មែរលក់ទៅឱ្យឈ្មួញសៀមបានតម្លៃជាង១០០បាត។
ជុំវិញបញ្ហានេះ លោក ហោ ជិនវរៈយុទ្ធ អភិបាលស្រុកអន្លង់វែងបាន បានបញ្ជាក់ថា លោក និងមន្ត្រីក្រោមឱវាទ បានចាត់វិធានការទប់ស្កាត់ដោយឃាត់រថយន្តដឹកឈើ និងធ្យូងដែលដឹកចេញទៅលក់ឱ្យឈ្មួញសៀមជាបន្តបន្ទាប់ ហើយបើនៅមានសកម្មភាពនេះទៀត លោកនឹងមានវិធានការឃាត់ខ្លួនឈ្មួញចាត់ការតាមនីតិវិធីច្បាប់។
បើទោះជាប្រជាពលរដ្ឋស្រុកអន្លង់វែង បានរិះគន់ថា បើទោះជាមន្ត្រីជំនាញបានអះអាងពីការអនុវត្តន៍ច្បាប់ ដើម្បី ការពារ ព្រៃឈើ និងធនធានធម្មជាតិផ្សេងទៀតក៏ដោយ ក៏ភាពជាក់ស្តែងបទល្មើសនៅតែបន្តកើតមាននៅក្នុងខេត្ត ដដែល ។
សារព័ត៌មានយើងមិនអាចសុំការទំ នាក់ទំនងពីលោកអនុសេនីយ៍ត្រី ថាន់ ម៉ៅ បានទេនៅពេលនេះ ពីព្រោះគ្មានលេខទូរស័ព្ទដើម្បីសុំការបំភ្លឺ ៕



