
នៅព្រឹកថ្ងៃទី ៥ កញ្ញា ២០២៤ ៖ នៅក្រុងតាខ្មៅ ទីរួមខេត្តកណ្តាល ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងតាខ្មៅ លោក សួន សេរីរដ្ឋា បានចូលរួមជាអធិបតីនិងជាវាគ្មិនក្នុងវេទិកាសាធារណៈមួយដើម្បីផ្សព្វផ្សាយអំពី “កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម CLV-DTA” និង “ការប្រើប្រាសបណ្តាញសង្គម Social Media ដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍន៍” ដែលមានអ្នកចូលរួមសរុបចំនួន ៥៩៩ នាក់ រួមមានយុវសិស្សវិទ្យាល័យ លោកគ្រូអ្នកគ្រូ សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរដ្ឋបាលស្រុក កងកម្លាំងទាំង ៣ ប្រភេទ សមាជិកក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋមួយចំនួន ។
វេទិកានេះរៀបចំដោយ វេទិកាសន្តិភាពកម្ពុជា-Cambodia Peace Forum សហការជាមួយរដ្ឋបាលក្រុងតាខ្មៅ សំដៅផ្សព្វផ្សាយឲ្យយុវជន យុវសិស្ស លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលកំពុងមានប្រើប្រាសបណ្តាញសង្គមកុំឲ្យជឿចាញ់កល់ព័ត៌មានមិនពិត ក្លែងក្លាយ ដែលមានចេតនាដុតបញ្ឆេះកំហឹងឲ្យខឹងស្អប់រាជរដ្ឋាភិបាល ដើម្បីចេតនានយោបាយបដិវត្តពណ៌របស់ពួកគេអ្នកនយោបាយជ្រុលនិយមកំពុងរត់ចោលស្រុក ។




