ប្រទះឃើញសាកសពមានស្នាមរបួសអណ្ដែតទឹកក្នុងស្ទឹងសង្កែ ក្បែរស្ពានដងទង់
ខេត្តបាត់ដំបង,ស្រុកសំឡូតសាកសពបុរសម្នាក់ដែលគេពិនិត្យឃើញមានស្នាមរបួសលើរាងកាយ និងត្រូវបានគេសង្ស័យថា អាចជាជនជាតិចិន ត្រូវបានគេប្រទះឃើញអណ្ដែតទឹកក្នុងស្ទឹងសង្កែក្បែរស្ពានដងទង់ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រែស្តៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ។ ដែលគេសង្ស័យថាអាចជាអំពើឃាតកម្ម ត្រូវបានឃាតករសម្លាប់នៅកន្លែងផ្សេងរួចយកទម្លាក់ចោលក្នុងទឹកស្ទឹងសង្កែ ក្បែរស្ពានដងទង់ខាងលើ គេមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេរហូតមកដល់ពេលនេះក៏ទោះបីមន្ត្រីជំនាញបច្ចេកទេសនៃស្នងការខេត្តបាត់ដំបងបាននិងកំពុងពិនិត្យសពនៅកន្លែងកើតហេតុ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះក្តី បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថាជនរងគ្រោះទំនងជាជនជាតិចិនស្លៀកខោជើងវែង ពាក់អាវយឺតដៃខ្លីននិងមានស្នាមរបួសជាច្រើនកន្លែងលើខ្លួន លើដៃ ត្រង់ក បើតាមពិនិត្យមើលអាចទំនងបាក់ឆ្អឹងថ្គាមផង។សមត្ថកិច្ចដែលបានចុះទៅកន្លែងកើតហេតុបានផ្ដល់ព័ត៌មានថា មកពិនិត្យកន្លែងដែលប្រទះឃើញសាកសពនោះ គេរកមិនឃើញស្លាកស្នាមដែលគួរឱ្យសង្ស័យនៅកន្លែងកើតហេតុទេ គេសន្និដ្ឋានថាជនរងគ្រោះត្រូវបានគេសម្លាប់នៅកន្លែងផ្សេង រួចដឹកយកមកទម្លាក់ចោលក្នុងស្ទឹងសង្កែ ក្បែរស្ពានដងទង់នេះ។ ហើយក៏គេមិនទាន់ដឹងប្រភព ពីកន្លែងកើតហេតុដំបូងនោះដែរ។ អធិការស្រុកសំឡូតលោកម៉ែន រីម បានប្រាប់ថា សមត្ថកិច្ចគ្រាន់តែសង្ស័យសាកសព អណ្ដែតទឹក នោះជាជនជាតិចិន ដោយយោងទៅភិនភាគ ម្យ៉ាងដែលមិនមានអ្នកស្គាល់អត្តសញ្ញាណ។ចំពោះសាកសពអណ្ដែតទឹកខាងលើនេះ លោកអធិការបានបញ្ជាក់ថា កម្លាំងជំនាញមិនទាន់សន្និដ្ឋានថាបែបណានោះទេ។ ចំពោះករណីនេះព្រោះមន្ត្រីបច្ចេកទេសការិយាល័យជំនាញកំពុងចុះត្រួតពិនិត្យហើយ។ ដោយឡែកលោកលឹម ពុទ្ធាឡា ស្នងការរងខេត្តទទួលបន្ទុកផ្នែកព្រហ្មទណ្ឌក៏មិនហ៊ានទាន់ធ្វើការសន្និដ្ឋានចំពោះសាកសពដែលគេសង្ស័យថាជាជនជាតិចិនខាងលើនេះដែរ។លោកលឹម ពុទ្ធាឡាបាននិយាយថាលោកមិនបានចុះទៅកន្លែងកើតហេតុទេតែមានលោកស្នងការរងជំនួយការដឹកនាំក្រុមការងារចុះទៅកន្លែងកើតហេតុលោកបញ្ជាក់ថាលទ្ធផលបែបណាចាំមើលកម្លាំងបច្ចេកទេសពិនិត្យនិងវាយតម្លៃសិន សូមរំលឹកថាកាលពីប៉ុន្មានឆ្នាំមុន ក៏មានករណីឃាតកម្មបិទមុខកើតឡើងនៅក្បែរស្ពានដងទង់នេះមួយករណីផងដែរ។កាលនោះអ្នកដំណើរបានប្រទះឃើញសពត្រូវបានគេដុតឆេះរោលខ្លោចទាំងព្រឹកនៅក្បែរក្បាលស្ពានខាងជើងដែលគេអះអាងថាក្រុមឃាតករដុតសាកសពដែលគេសង្ស័យថាជាជនជាតិចិនយកទៅទម្លាក់ចោលក្បែរក្បាលស្ពាននោះរួចឃាតករបានចាក់សាំងដុតបំផ្លាញសាកសពចោលក្នុងចេតនាបំផ្លាញភស្តុតាង ប៉ុន្តែសាកសពគ្រាន់តែបានឆេះរោលខ្លោចនៅផ្នែកខាងក្រោយ គេឃើញមានស្នាមសាក់រូបនាងគង់ស៊ីអ៊ីម ហើយថែមទាំងដៃមានជាប់ខ្នោះផង។គ្មានអ្នកស្គាល់អត្តសញ្ញាណសាកសពនោះទេដោយយោងភិនភាគខាងលើនេះបានគេសន្និដ្ឋានថាសាកសពត្រូវភ្លើងឆេះរោលនិងមានដៃជាប់ខ្នោះផងនោះ ជាជនជាតិចិនដែលត្រូវបានគេសម្លាប់នៅកន្លែងផ្សេងរួចដឹកយកមកទម្លាក់ចោលនៅក្បាលស្ពានខាងលើនេះ ហ្នឹងបានដុតបំផ្លាញសាកសពចោល រហូតមកដល់ពេលនេះសំណុំរឿងខាងលើនៅតែងងឹតឈឹងគ្មានតម្រុយដដែលហើយពេលនេះសំណុំរឿងដដែលស្រដៀងគ្នាបានកើតឡើងជាថ្មីលើទឹកដីក្បាលស្ពានដងទង់ យ៉ាងណាករណីជុំវិញសាកសពអណ្ដែតក្នុងទឹកដងស្ទឹងសង្កែក្បែរស្ពានដងទង់ជាថ្មីខាងលើនេះសមត្ថកិច្ចកំពុងចុះត្រួតពិនិត្យហើយ បើយោងតាមការពិនិត្យនិងភិនភាគគេសង្ស័យថាជនរងគ្រោះជាជនជាតិចិនទំនងត្រូវបានគេសម្លាប់កន្លែងផ្សេងរួចដឹកមកទម្លាក់ចោលក្នុងស្ទឹងសង្កែដើម្បីបំបាត់ភស្តុតាង គេមិនទាន់ដឹងប្រភពពីកន្លែងកើតហេតុទេព្រោះមន្ត្រីជំនាញកំពុងធ្វើការស៊ើបអង្កេតរកអត្តសញ្ញាណ។
ដោយ ទៀវ ដារិន




